(ដាម៉ាស)៖ រុស្ស៊ីនិងបារាំង ជាលើកទីមួយបានរួមគ្នាបញ្ជូនជំនួយមនុស្សធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅកាន់ទីក្រុង Ghouta ដែលស្ថិតនៅ ក្បែររដ្ឋធានីដាម៉ាស់ ភាគខាងនិរតីប្រទេសស៊ីរី ក្រោយពីទីក្រុងនេះ ត្រូវបានកងកម្លាំងរដ្ឋាភិបាលស៊ីរី ដណ្តើមកាន់កាប់ពីក្រុមឧទ្ទាមមកវិញ កាលពីខែមេសាកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨។
ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌រួមគ្នានេះ ដែលជាលើកទីមួយរវាងប្រទេសរុស្ស៊ីនិងប្រទេសលោកខាងលិចនោះ បានកើតមានឡើងនៅក្រោយកិច្ចព្រមព្រៀងមួយរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីបារាំងលោក Emmanuel Macron នៅក្នុងកិច្ចពិភាក្សានៅឯទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពីខែឧសភា។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី យន្តហោះយោធាដឹកជញ្ជូនមួយគ្រឿងរបស់រុស្ស៊ី ដែលផ្ទុកជំនួយមនុស្សធម៌និងថ្នាំពេទ្យប្រមាណ៥០តោន បានទៅដល់ប្រទេសស៊ីរីហើយ ក្រោយពីចាកចេញពីទីក្រុង Chateauroux ភាគកណ្តាលប្រទេសបារាំង។
គួរជម្រាបថា ជំនួយខាងលើ ដែលរួមមានថ្នាំសង្កូវ ឧបករណ៍វេជ្ជសាស្រ្ត សម្លៀកបំពាក់ និងតង់ស្នាក់នៅបណ្តោះអាសន្ននោះ នឹងត្រូវប្រគល់ជូនប្រជាជននៃទីក្រុង Ghouta ដែលទើបត្រូវបានកងកម្លាំងរដ្ឋាភិបាលរំដោះយកមកវិញ ក្រោយសង្រ្គាមហែកហួរប្រមាណជា០៥ឆ្នាំ៕