(អាហ្រ្វិកខាងត្បូង)៖ មនុស្សយ៉ាងតិច១១នាក់បានស្លាប់ និង០៤នាក់ទៀតរងរបួសធ្ងន់ ក្រោយពីខ្មាន់កាំភ្លើងមួយក្រុម បានធ្វើការបាញ់រះទៅលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨។
ប៉ូលិសអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា ជនរងគ្រោះទាំងប៉ុន្មានខាងលើ នៃការវាយប្រហារនេះ គឺជាក្រុមសមាគមនៃអ្នកបើករថយន្តតាក់ស៊ី ដោយពួកគេបាននាំគ្នាទៅចូលរួមពិធីបុណ្យសពរបស់មិត្តរួមការងារម្នាក់ ហើយកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ នៅពេលដែលការឆ្មក់វាយប្រហារដោយក្រុមខ្មាន់កាំភ្លើងបានកើតឡើង។ អាជ្ញាធរអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅចន្លោះក្រុង Colenso និង Weenen ក្នុងខេត្ត Kwazulu-Natal ភាគខាងកើតប្រទេស ខណៈក្រុមជនរងគ្រោះមកពីខេត្ត Gauteng ភាគឦសាន។
គួរជម្រាបថា ខណៈពេលនេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេតលើករណីខាងលើ។ ដោយឡែកភាពតានតឹងរវាងក្រុមអ្នករត់តាក់ស៊ី ដែលប្រកួតប្រជែងគ្នា ត្រូវគេជឿជាក់ថា ពេលខ្លះអាចបង្កឲ្យផ្ទុះហិង្សាយ៉ាងអាក្រក់ នៅក្នុងប្រជាជាតិអាហ្រ្វិកមួយនេះ៕