(សៀងហៃ)៖ Ampil ដែលជាព្យុះទីហ្វុងទី១០ក្នុងឆ្នាំ២០១៨នេះ បានបោកបក់ទៅដល់កោះ Chongming ក្នុងទីក្រុងសៀងហៃ ភាគខាងកើតប្រទេសចិន នារសៀលថ្ងៃអាទិត្យនេះ ជាមួយឥទ្ធិពលខ្យល់រហូតដល់២៨ម៉ែត្រក្នុងមួយវិនាទី នៅក្បែរចំណុចកណ្តាលរបស់វា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨។
កោះខាងលើស្ថិតនៅចម្ងាយ៤៥គីឡូម៉ែត្រពីទីប្រជុំជននៃក្រុងសៀងហៃ និងស្ថិតនៅចំមាត់ទន្លេ Yangtze។ អាជ្ញាធរគ្រប់គ្រងគ្រោះទឹកជំនន់នៃទីក្រុងសៀងហៃបានឲ្យដឹងថា មនុស្សសរុបចំនួន១៩០,០០០នាក់ ត្រូវបានផ្លាស់ទីចេញពីតំបន់ជាប់មាត់សមុទ្រ កាលពីព្រឹកថ្ងៃអាទិត្យ ទៅកាន់ទីកន្លែងដែលមានសុវត្ថិភាពពីការវាយលុករបស់ព្យុះទីហ្វុង។
គួរជម្រាបថា នៅខេត្ត Zhejiang និង Jiangsu ដែលនៅក្បែរគ្នា ក៏បានជម្លៀសមនុស្សជាង៤២,៥០០នាក់ ទៅកាន់ទីសុវត្ថិភាពផងដែរ ខណៈកប៉ាល់ជាង២៨,០០០គ្រឿង ក្នុងនោះទូកនេសាទ២២,៩០០គ្រឿង បានវិលត្រឡប់ចូលកំពង់ផែវិញ នៅខេត្ត Zhejiang៕