(អាមេរិក)៖ ស្រ្តីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងកម្លាំងប៉ូលិស និងបុរសជាខ្មាន់កាំភ្លើងម្នាក់ នៅក្នុងហាងលក់ទំនិញមួយកន្លែង នៃទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨។
ដំណឹងមរណភាពរបស់ស្រ្តីរងគ្រោះ ត្រូវបានធ្វើឡើងដោយអភិបាលក្រុង Los Angels គឺលោក Eric Garcetti នៅក្នុងអំឡុងនៃការធ្វើសន្និសីទសារព័ត៌មានមួយជុំវិញហេតុការណ៍នេះ។ ចំណែកឯជនសង្ស័យខាងលើ ពីដំបូងឡើយត្រូវប៉ូលិសដេញតាមចាប់ខ្លួន ដោយសារមានជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារមួយផ្សេងទៀត ហើយក៏បានគេចខ្លួនចូលទៅក្នុងហាងទំនិញឈ្មោះ Trader Joe's ហើយសំងំក្នុងនោះអស់រយៈពេលជាច្រើនម៉ោង។
គួរជម្រាបថា បើតាមការឲ្យដឹងពីប៉ូលិសអាមេរិក ជនសង្ស័យរូបនោះអាយុ២៨ឆ្នាំ បានបាញ់ប្រហារលើយាយរបស់ខ្លួន ព្រមទាំងនារីវ័យក្មេងម្នាក់ មុនពេលជិះរថយន្តរត់គេចពីប៉ូលិសចូលទៅក្នុងហាងខាងលើ។ ជនសង្ស័យបានបង្ខាំងខ្លួននៅក្នុងហាងលក់ទំនិញខាងលើ រួមជាមួយមនុស្សខ្ទង់៤០នាក់ទៀត ប៉ុន្តែបន្ទាប់មកត្រូវកម្លាំងប៉ូលិសចាប់ខ្លួនបានសម្រេច ក្រោយពីជនសង្ស័យយល់ព្រមប្រគល់ខ្លួន៕