(អាហ្សង់ទីន)៖ ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri ត្រូវគេរាយការណ៍ថា បានផ្តល់សិទ្ធិអនុញ្ញាតចំពោះការបង្កើតមូលដ្ឋានយោធាចំនួន របស់សហរដ្ឋអាមេរិក នៅលើទឹកដីនៃប្រទេសរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨។
មូលដ្ឋានទ័ពអាមេរិកយ៉ាងតិចចំនួន០៣ទីតាំង ត្រូវគេអះអាងថា អាចនឹងលេចចេញជារូបរាងឡើង នៅខេត្ត Neuquen, Misiones, និង Tierra del Fuego របស់អាហ្សង់ទីន ហើយដំណើរការនៃការសាងសង់បន្ទាយយោធានេះ គួរតែទទួលបានហិរញ្ញប្បទានពីបញ្ជាការដ្ឋានទ័ពអាមេរិកភាគប្រចាំខាងត្បូង US Southern Command។
គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ លោក Mauricio Macri ដែលជាអ្នកនយោបាយកណ្តាលនិងស្តាំនិយម បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាហ្សង់ទីន។ ភាពជោគជ័យរបស់លោក Macri បានបញ្ចប់សម័យកាលរយៈពេល១២ឆ្នាំ ដែលប្រជាជាតិនៃតំបន់អាមេរិកខាងត្បូងមួយនេះ ត្រូវបានគ្រប់គ្រងដោយអ្នកនយោបាយឆ្វេងនិយម គឺលោក Nestor Kirchner ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ និងដោយភរិយារបស់លោក គឺលោកស្រី Cristina Kirchner ពីឆ្នាំ២០០៧ដល់២០១៥។
លោក Macri ធ្លាប់បានលើកឡើងជាដដែលៗថា គោលនយោបាយរបស់មេដឹកនាំមុនៗ បានធ្វើឲ្យអាហ្សង់ទីនធ្លាក់ក្នុងភាពឯកោ ឆ្ងាយពីលោកខាងលិច ហើយលោកបានសន្យាថានឹងលើកកម្ពស់ទំនាក់ទំនងនៃរដ្ឋាភិបាលអាហ្សង់ទីន ជាមួយសហរដ្ឋអាមេរិក ព្រមទាំងសហភាពអឺរ៉ុប៕