(ដាម៉ាស់)៖ កងយន្តហោះចម្បាំងនៃក្រុមយោធាអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា បានបើកការវាយប្រហារតាមផ្លូវអាកាស មានគោលដៅទៅលើប្រជាជនស៊ីវិលមួយក្រុម ដែលកំពុងរត់ភៀសខ្លួនចេញពីក្រុង al-Sousa ភាគអាគ្នេយ៍ខេត្ត Deir Ezzor នៃប្រទេសស៊ីរី។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានស៊ីរី SANA ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារព័ត៌មាន SANA ក្រុមគ្រួសារស៊ីរីស្លូតត្រង់មួយចំនួន មកពីក្រុង al-Sousa បានបង្ខំចិត្តរត់ភៀសខ្លួន ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃ របស់ក្រុមយន្តហោះចម្បាំងខាងលើ ដែលបានបើកការវាយប្រហារលើលំនៅឋានរបស់ពួកគេអស់រយៈពេលជាច្រើនថ្ងៃ។ SANA បានអះអាងថា ជនស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិត ក៏ដូចជារងរបួស ប៉ុន្តែពុំបានបញ្ជាក់ចំនួនលម្អិតឡើយ។
កាលពីសប្តាហ៍មុន យន្តហោះចម្បាំងមួយគ្រឿងរបស់ក្រុមយោធាចំរុះខាងលើ ក៏ត្រូវគេរាយការណ៍ថា បានវាយប្រហារទៅលើទីតាំងចំនួនពីរនៅក្នុងខេត្ត Deir Ezzor ផងដែរ ដែលបានផ្តាច់ជីវិតជនស៊ីវិលជាង៣០នាក់ និងជាច្រើននាក់ទៀតបានទទួលរងរបួស។
គួរជម្រាបថា ក្រុមយោធាអន្តរជាតិ ដែលមានអាមេរិកជាអ្នកនាំមុខនេះ បាននិងកំពុងធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមភេរវករ ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ បើតាមការអះអាងពីខាងក្រុមចំរុះនេះ ជនស៊ីវិលប្រមាណ៩០០នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន គិតចាប់តាំងពីពេលចាប់ផ្តើមបើកប្រតិបត្តិការ កាលពីឆ្នាំ២០១៤មក។
យ៉ាងណាមិញ ប្រតិបត្តិការផ្លូវអាកាសរបស់ក្រុមយោធាខាងលើនៅស៊ីរី ពុំទទួលបានការអនុញ្ញាតត្រឹមត្រូវ ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក Bashar Assad ឬក៏ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឡើយ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងដាម៉ាស់ បានសង្កត់ធ្ងន់ថា កងយន្តហោះចម្បាំងរបស់ក្រុមយោធាអន្តរជាតិដឹកនាំដោយអាមេរិកនេះ ពុំបានជួយអ្វីក្រៅតែពីធ្វើឲ្យជនស្លូតត្រង់ស៊ីរីស្លាប់ និងបំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសមជ្ឈិមបូព៌ានេះប៉ុណ្ណោះ៕