(ហាណូយ)៖ មកទល់ពេលមនុស្សយ៉ាងតិច២០នាក់បានបាត់បង់ជីវិត និង១៦នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ដោយសារការវាយប្រហារពីគ្រោះធម្មជាតិទឹកជំនន់ នៅឯតំបន់ភាគកណ្តាលនិងខាងជើង នៃប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨។
គ្រោះធម្មជាតិដ៏អាក្រក់ខាងលើនេះ ត្រូវបានបង្កឡើងដោយព្យុះទីហ្វុងឈ្មោះ Son Tinh ដែលបានបង្កការបំផ្លិចបំផ្លាញ និងផ្តាច់យកជីវិតមនុស្ស នៅក្នុងប្រទេសអាស៊ានមួយនេះ ចាប់តាំងតែពីថ្ងៃពុធសប្តាហ៍នេះ។ អាជ្ញាធរឧតុនិយមវៀតណាម បានព្រមានថាដងទន្លេនៅក្នុងខេត្ត Thanh Hoa និង Nghe An ភាគកណ្តាល អាចនឹងត្រូវជន់លិចនៅប៉ុន្មានថ្ងៃខាងមុខថែមទៀតផង។
គួរជម្រាបថា បើតាមការឲ្យដឹងពីអាជ្ញាធរវៀតណាម លំនៅឋានជាង៥,០០០ខ្នង បានរងការខូចខាត និងផ្ទៃដីដាំដុះរាល់ម៉ឺនហិកតា ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ដោយសារគ្រោះទឹកជំនន់។ ការធ្លាក់ភ្លៀងខ្លាំង ត្រូវគេរំពឹងថា នឹងបន្តកើតមានឡើងសម្រាប់ប៉ុន្មានថ្ងៃខាងមុខ៕