(ម៉ូស្គូ)៖ សារព័ត៌មានអង់គ្លេស The Guardian បានរាយការណ៍ថា រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន មកកាន់តំបន់ប៉ាស៊ីហ្វិក ដើម្បីចូលរួមជាមួយអូស្ត្រាលី ក្នុងការដឹកនាំសេរីភាពការធ្វើនាវាចរ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលចិនកំពុងពង្រីកឥទ្ធិពលយោធា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម The Guardian កាលពីសប្ដាហ៍មុនរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកស្រី Marise Payne និងរដ្ឋមន្ត្រីការបទេស លោកស្រី Julie Bishop បានពិភាក្សាស្ដីពីការចូលរួមក្នុងប្រតិបត្តិការនាវាចរ នៅឯតំបន់មហាសមុទ្រប៉ាស៊ីហ្វិកជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Gavin Williamson នៅអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ ក្នុងប្រទេសស្កុតឡែន។ ជាមួយគ្នានោះ រដ្ឋមន្ត្រីទាំងនេះក៏បានលើកឡើងផងដែរពីបទដ្ឋាន និងអនុសញ្ញាអន្តរជាតិ នៅតំបន់ប៉ាស៊ីហ្វិក ព្រមទាំងការគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ។
គួរបញ្ជាក់ថា បើទោះជាមិនបានបញ្ជាក់ចំៗថា ការគំរាមកំហែងជាអ្វីក៏ដោយ តែគេដឹងថារដ្ឋមន្ត្រីទំាងបីចង់សំដៅលើសកម្មភាព និងការពង្រីកឥទ្ធិពលរបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង។ ចំណែកឯនាវាផ្ទុកយន្ដហោះចម្បាំងអង់គ្លេស ដែលគេរំពេងថា នឹងត្រូវបញ្ជូនមកកាន់តំបន់ជម្លោះនេះគឺនាវា HMS Queen Elizabeth៕