បទវិភាគអន្តរជាតិ៖ តើអ្នកណាជាអ្នកឈ្នះ ក្នុងកិច្ចជំនួបកំពូលរវាងលោក ត្រាំ និងលោក ពូទីន?
21-07-2018 16:39
(ពិភពលោក)៖ កិច្ចប្រជុំជាផ្លូវការលើកដំបូងរវាងលោក ដូណាល់ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បានប្រព្រឹត្តនៅទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ មានអ្នកសារព័ត៌មានចូលរួមចំនួន ១,៥០០នាក់ មកពីជាង ៦០ប្រទេស។ កិច្ចជំនួបនេះក្នុងរូបភាពមួយទល់មួយ ដែលគ្រោងនឹងរៀបចំឡើងរយៈពេល ៩០នាទី តែត្រូវបានពន្យាររហូតដល់ជាងពីរម៉ោង។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីកិច្ចប្រជុំនោះមេដឹកនាំទាំងពីរបានលើកឡើងពីសារៈសំខាន់ នៃកិច្ចប្រជុំកំពូលនេះ។ ទោះជាយ៉ាងនេះ កិច្ចជំនួបលើកនេះ បែរជាត្រូវបានគេមើលឃើញថា គឺជាការចាប់ផ្តើមនូវភាពស្មុគស្មាញកាន់តែខ្លាំង ក្នុងការស្តារទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីឡើងវិញ ជាជាងការស្តារទំនាក់ទំនងទ្វេភាគី ហេតុផលដោយសារភាពខ្វែងគំនិតគ្នារវាងប្រទេសជាបងធំទាំងពីរ លើបញ្ហាស្នូលមួយចំនួន។
មុនពេលចាប់ផ្ដើមកិច្ចប្រជុំកំពូលនេះ បណ្តាប្រទេសលោកខាងលិចជាសម្ព័ន្ធមិត្តអាមេរិក មានក្តីបារម្ភខ្លាចថា លោក ត្រាំ អាចឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងបែបឯកជនជាមួយលោក ពូទីន ដោយការបិទភ្នែកក្នុងរឿងរុស្ស៊ីជ្រៀតជ្រែកអ៊ុយក្រែន ជាថ្នូរនឹងការសម្បទានរបស់រុស្ស៊ីដល់អាមេរិក ពាក់ព័ន្ធបញ្ហាតំបន់មជ្ឈិមបូព៌ា។
ខណៈដែលមេដឹកនាំទាំងពីរព្យាយាមចែករំលែក ផលប្រយោជន៍រួមគ្នាស្របពេលដែលពួកគេបន្តភាពរឹងមានះក្នុងការរក្សាការខ្វែងគំនិតគ្នា ក្នុងអំឡុងពេលសន្ទនាស្តីពីស៊ីរី និងអ៊ុយក្រែននោះ លោក ត្រាំ ហាក់ព្យាយាមខណ្ឌចែកព្រំដែនជាមួយលោក ពូទីន ដើម្បីគេចចេញពីការចោទប្រកាន់ថា លោកបាន «គុបគិតជាមួយរុស្ស៊ី» ។
សូមរំឮកបន្តិចដល់កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសពីការកាត់ទោសមន្ត្រីរុស្ស៊ី ពាក់ព័ន្ធនឹងការលូកដៃក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦កន្លងទៅនេះ ក្នុងបំណងដាក់សម្ពាធលើសន្ទនារវាងមេដឹកនាំទាំងពីរ និងបង្ខំឱ្យលោក ត្រាំ ដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសរុស្ស៊ី។
លោក ត្រាំ ធ្លាប់ត្រូវបានគេទទួលស្គាល់ថា ជាបុគ្គលដែលងាយក្រឡាស់សំដីភ្លាមៗ ហើយកិច្ចជំនួបជាមួយលោក ពូទីន លើកនេះកាន់តែធ្វើអោយលោកក្លាយជាបុគ្គល ដែលពិបាកផ្ញើទំនុកចិត្តខ្លំាងបំផុត បន្ទាប់ពីការផ្លាស់ប្តូរឥរិយាបថភ្លាមៗ ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី លូកដៃក្នុងការបោះឆ្នោតនៅអាមេរិក។
ជាក់ស្តែងក្នុងឱកាសដំបូងឡើយ លោក ត្រាំ បានចេញមុខគាំទ្ររុស្ស៊ី ដោយលោកបញ្ជាក់ច្បាស់ៗថា «ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និយាយថា មិនមែនរុស្ស៊ីនោះទេ ហើយខ្ញុំក៏មើលមិនឃើញថា មានភស្ដុតាង ឬហេតុផលណាមួយថា រុស្ស៊ីជាធ្វើវានោះដែរ»។
ប៉ុន្តែបន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនវិញភ្លាម លោក ត្រាំ បានក្រឡាស់សម្ដី ហើយថាលោកមានការភ័ន្តច្រឡំ ពោលគឺចង់មានន័យថា លោកមើលមិនឃើញហេតុផល ថាតើហេតុអ្វីបានជារុស្ស៊ី មិនមែនជាអ្នកលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិកនោះទេ។ លោក ត្រាំ បញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំទទួលស្គាល់ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកដែលថា រុស្ស៊ីជា អ្នកលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦»។
រហូតមកទល់ពេលនេះមិនទាន់មានភស្តុតាងណាបង្ហាញថា លោក Trump បានឈ្នះការបោះឆ្នោតដោយការធ្វើសហប្រតិបត្ដិការជាមួយរុស្ស៊ីទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋអាមេរិកភាគច្រើនជឿជាក់ថា រុស្ស៊ី ពិតបានលូកដៃក្នុងការបោះឆ្នោត។
ការលើកឡើងជាលើកដំបូងរបស់លោក ដែលបដិសេធថា រុស្ស៊ីមិនបានពាក់ព័ន្ធនឹងរឿងនេះហាក់មានន័យថា លោក ត្រាំ កំពុងក្បត់សំដីនឹងជាតិសាសន៍ខ្លួនឯងបាត់ទៅហើយ។ ក្រៅពីការធ្វើអោយមនុស្សបាត់បង់ទំនុកចិត្តលើលោកហើយនោះ វាក៏អាចបំបាក់ប្រជាប្រិយភាពគណបក្សសាធារណរដ្ឋ ដែលអាចនឹងរងការភ័ន្តច្រឡំទៅថ្ងៃអនាគត។
ដោយការពិនិត្យតាមដានទៅលើលទ្ធផលនៃកិច្ចប្រជុំលើកនេះ អ្នកឈ្នះដ៏ធំបំផុត គឺលោក ពូទីន។ ជាក់ស្តែងកិច្ចប្រជុំកំពូលនេះបានចាប់ផ្តើម បន្ទាប់ពីពិធីបិទការប្រកួតបាល់ទាត់ពិភពលោក ដែលត្រូវបានរៀបចំដោយប្រទេសរុស្ស៊ី ហើយទើបតែបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងការរៀបចំយ៉ាងរលូន។ ជាមួយនឹងរូបភាពដ៏ស្ងប់ស្ងាត់រឹងមាំ និងភាពចាស់ទុំរបស់លោក ពូទីន ត្រូវបានគេចាប់ផ្តើមកត់សម្គាល់ជាថ្មី ស្របពេលដែលលោក ត្រាំ បែរជាបង្ហាញភាពគ្រលិចគ្រលុចរបស់លោកទៅវិញ។ និយាយពីកិច្ចការអន្តរជាតិ អាចនិយាយមេដឹកនាំទាំងពីរជាអ្នកឈ្នះដូចគ្នា ប៉ុន្តែបើនិយាយពីរឿងក្នុងស្រុក និងក្នុងកែវភ្នែកប្រជាពលរដ្ឋអាមេរិក លោក ត្រាំ គឺជាអ្នកចាញ់យ៉ាងអាម៉ាស់៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ សារព័ត៌មានចិន CGTN