(ហ្សេរុយសាឡឹម)៖ កងទ័ពអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស លើទីតាំងចំនួន ៦៨កន្លែង របស់ក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ជាការសងសឹកទៅនឹងការបាញ់សម្លាប់ទាហានអ៊ីស្រាអែលម្នាក់។ នេះបើតាមកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «កងទ័ពអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង ៦៨កន្លែង របស់ក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សាជាការសងសឹក ទៅនឹងការបាញ់សម្លាប់ទាហានអ៊ីស្រាអែលម្នាក់ ដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីន កាលពីល្ងាចថ្ងៃសុក្រ»។
គួរបញ្ជាក់ថា ទាហានខាងលើគឺជាទាហានអ៊ីស្រាអែលដំបូងគេ ដែលត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សាអំឡុងពេលបំពេញការងារ ចាប់តាំងពីសង្រ្គាមក្នុងឆ្នាំ២០១៤ មករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់៕