(ប៉េកាំង)៖ អាជ្ញាធរចិនបានចេញប្រតិបត្តិការក្តៅ ដោយធ្វើការបង្ក្រាប និងបោសសម្អាតក្រុមលក់ផលិតផលតាមអនឡាញដែលខុសច្បាប់ និងមានលក្ខណៈបោកប្រាស់ ក្នុងចំនួនកើនឡើងរហូតដល់ ៦៤.២ភាគរយ នៅរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
បើគិតពីការបង្ក្រាបនោះ គឺអាជ្ញាធរបានរឹបអូសទ្រព្យសម្បត្តិខុសច្បាប់ គិតជាទឹកប្រាក់ប្រមាណ ១១៦.៧លានយ័ន ឬស្មើនឹង ១៧.៤១លានដុល្លារអាមេរិក ពីក្រុមធ្វើពាណិជ្ជកម្មដោយបំពានច្បាប់ តាមប្រព័ន្ធអ៊ីធើណែតនៅទូទាំងប្រទេសចិន។ សម្រាប់ការបំពាននោះ គឺទៅលើវិស័យសុខាភិបាល, អចលនទ្រព្យ, ចំណីអាហារ និងអប់រំជាដើម ដែលបានធ្វើការផ្សព្វផ្សាយតាមអ៊ីនធើណែត។
គួរបញ្ជាក់ថា ការលក់ផលិតផល និងផ្សព្វផ្សាយសេវាកម្មតាមអនឡាញនៅប្រទេសចិន គឺមានសភាពកាន់តែផុសផុលខ្លាំង រហូតដល់អាជ្ញាធរបានដាក់កម្លាំងជំនាញ ធ្វើការគ្រប់គ្រងតាមអ៊ីនធើណែត ដើម្បីការពារដល់ក្រុមអ្នកធ្វើអាជីវកម្មស្របច្បាប់ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងទទួលការត្រួតពិនិត្យជាប់ជានិច្ចពីអាជ្ញាធរ៕