(ឡុងដ៍)៖ ប្រធាននិពន្ធនាយកសារព័ត៌មាន Russian Today បាននិយាយថា ប្រទេសអេក្វាឌ័របានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់លោក ជូលៀន អាស្សាង (Julian Assange) ឱ្យអាជ្ញាធរអង់គ្លេស ខណៈព័ត៌មានពីការបណ្ដេញស្ថាបនិកគេហទំព័រ WikiLeaks រូបនេះចេញ ពីស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ ចេះលេចលឺជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
និពន្ធនាយកសារព័ត៌មាន Russian Today លោកស្រី ម៉ាហ្គារីតា សាយម៉ុនយ៉ាន (Margarita Simonyan) ផ្អែកលើប្រភពដែលលោកស្រីទទួលបាន បានសរសេរនៅលើ Twitter ដូច្នេះថា «ប្រភពរបស់ខ្ញុំបានប្រាប់ខ្ញុំថា លោក Assange នឹងត្រូវប្រគល់ឱ្យអាជ្ញាធរអង់គ្លេសក្នុងពេលប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខនេះ... ប៉ុន្តែផ្ទុយពីលើកមុនៗ ខ្ញុំសង្ឃឹមថា ប្រភពដែលខ្ញុំទទួលគឺជាព័ត៌មានមិនពិតទៅចុះ»។
ការលើកឡើងរបស់លោកស្រី Simonyan កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មានអង់គ្លេស Times រាយការណ៍ថា អាជ្ញាធរបានជួបប្រជុំបិទទា្វរជាមួយអាជ្ញាធរអេក្វាឌ័រ ជុំវិញការបណ្ដេញលោក Assange ចេញពីស្ថានទូតអេក្វាឌ័រប្រចាំប្រទេសអង់គ្លេស។
គួរបញ្ជាក់ថា លោក Julian Assange ទទួលបានសិទ្ធិជ្រកកោននយោបាយ នៅក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍កាលពីឆ្នាំ២០១២ ហើយការស្នាក់នៅក្នុងទីក្រុងឡុងដ៍ គឺដើម្បីបញ្ជៀសការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ក្រោយរូបលោកទម្លាយឯកសារសំងាត់អាមេរិកជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងប្រតិបត្តិការសង្រ្គាម របស់អាមេរិកនៅអ៊ីរ៉ាក់ផងដែរ៕