(ដាប្លីន)៖ ក្រុមហ៊ុនអាកាសចរណ៍ រីយ៉ានអ៊ែរ (Ryanair) បានប្រកាសនៅថ្ងៃសុក្រ សប្ដាហ៍នេះថា ខ្លួនបានសម្រេចចិត្តលុបចោលជើងហោះចំនួន ១៦ ឆ្ពោះទៅមករវាងប្រទេសអៀរឡង់ និងអង់គ្លេស ដោយសារតែគំរោងធ្វើកូដកម្មតវ៉ា ពីសំណាក់ក្រុមពីឡុតនៅសប្ដាហ៍ក្រោយ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
ជើងហោះដែលត្រូវបានលុបចោល មានកាលវិភាគហោះហើរនៅថ្ងៃអង្គារ ទី២៤ ខែកក្កដានេះ ហើយការសម្រេចចិត្តលុបចោល នេះទៀតសោតធ្វើឡើង ដោយសារតែសហជីពតំណាងឱ្យពីឡុត បានបដិសេធលុបចោលគំរោងធ្វើកូដកម្ម ដែលគ្រោងទុកក្នុងថ្ងៃតែមួយនេះ។
គួរជម្រាបថា បើតាមក្រុមហ៊ុន Ryanair ការលុបចោលជើងហោះហើរនឹងធ្វើឱ្យប៉ះពាល់ដល់អតិថិជន ២,៥០០នាក់ ខណៈបច្ចុប្បន្នជើងហោះហើរសរុបចំនួប ៧០ ហើយត្រូវបានលុបចោលចាប់តាំងពីថ្ងៃទី១២ ខែកក្កដាមក ដោយសារតែគំរោង និងធ្វើកូដកម្មរបស់ក្រុមពីឡុត ដែលបានទាមទារឱ្យក្រុមហ៊ុន កែលម្អលក្ខខណ្ឌការងាររបស់ពួកគេ៕