(ឡូសអាន់ជែលឡែស)៖ ក្មេងស្រីអាយុ ០២ឆ្នាំម្នាក់ ត្រូវបានក្មេងប្រុសអាយុ ០៤ឆ្នាំម្នាក់បាញ់សម្លាប់ដោយចៃដន្យ នៅព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះក្នុងទីក្រុង សាន់ប៊ឺណាឌីណូ (San Bernardino) រដ្ឋកាលីហ្វរញ៉ា (California) ភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមប៉ូលិសនៅក្នុងតំបន់ ក្មេងស្រីខាងលើបានស្លាប់មួយម៉ោង ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយការស៊ើបអង្កេតបឋមឱ្យដឹងថា ក្មេងប្រុសអាយុ ០៤ឆ្នាំ បានបាញ់សម្លាប់ក្មេងស្រីរូបនេះ ដែលជាបងប្អូនជីដូនមួយរបស់ខ្លួន នៅឯផ្ទះមួយកន្លែងស្ថិតនៅក្នុងតំបន់ មូស្កុយ (Muscoy) នៃទីក្រុង San Bernardino រដ្ឋ California។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្មេងពេញវ័យជាច្រើននាក់នៅក្នុងផ្ទះ ពេលមានហេតុការណ៍បាញ់ប្រហារនេះកើតឡើង ត្រូវបាននាំខ្លួនទៅកាន់ទីស្នាក់ការប៉ូលិសក្នុងតំបន់ដើម្បីសាកសួរ។
តែយ៉ាងណា ហេតុការណ៍បាញ់ប្រហារទាំងចៃដន្យ ឬមិនចៃដន្យមិនមែនជារឿងអ្វីចម្លែកនោះទេ នៅសហរដ្ឋអាមេរិក។ ជាក់ស្ដែងបើតាម ក្រុមអ្នកស្រាវជ្រាវឯករាជ្យ Gun Violence Archive បានឱ្យដឹងថា អំពើហិង្សពាក់ព័ន្ធនឹងកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក បានផ្ដាច់ជីវិតមនុស្ស ៧,៩៦៥នាក់ មកទល់ពេលបច្ចុប្បន្ននេះ ហើយក្នុងចំណោមអ្នកទាំងនេះក៏មានកុមារ ៣៨០នាក់ អាយុក្រោម ១១ឆ្នាំផងដែរ៕