(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានសម្រេចចិត្តលុបចោល​ជាបណ្ដោះអាសន្ន កម្មវិធី (apps) របស់ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយទំនាក់​ទំនងសង្គម គ្រីមសុន ហេសាហ្គន (Crimson Hexagon) ដោយសារតែព្រួយ​បារម្ភខ្លាចក្រែងការចុះកិច្ចសន្យា​របស់ក្រុមហ៊ុនមួយ​នេះ​​ជាមួយរដ្ឋាភិបាល​អាមេរិក អាចនឹងមាន​ជាប់ពាក់ព័ន្ធនឹង​ការប្រមូលទិន្នន័យ​អ្នកប្រើប្រាស់ ដោយរំលោភ​លើ​គោលការណ៍ Facebook​។ នេះបើ​តាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមហ៊ុន Facebook បានប្រាប់​សារព័ត៌មាន Wall Street Journal ថា ខ្លួនបាន​សម្រេចចិត្តបិទ apps ក្រុមហ៊ុន Crimson Hexagon ដើម្បីបើកការ​ស៊ើបអង្កេតថា​ តើក្រុមហ៊ុនមាន​មូលដ្ឋាននៅ​ក្នុងទីក្រុង Boston មួយនេះ​ប្រមូល ស្ដុកទុក និងចែករំលែក​ទិន្នន័យអ្នកប្រើប្រាស់​យ៉ាងដូចម្ដេច។ ជាមួយគ្នា​នោះដែរ Wall Street Journal បានឱ្យដឹង​ទៀតថា Crimson Hexagon បាន ចុះហត្ថលេខាលើកិច្ច​សន្យារយៈពេល​យូរឆ្នាំ ជាមួយក្រសួងសន្តិសុខ​មាតុភូមិ​អាមេរិក។ ប៉ុន្តែលក្ខខណ្ឌ​មួយចំនួន​ត្រូវបាន Facebook ​បដិសេធ។

គួររំលឹកថា កាលពីខែមីនា​កន្លងទៅ​ក្រុមហ៊ុន Facebook បានទទួលរង​ការរិះគន់​យ៉ាងខ្លាំង ដោយសារតែ​បណ្ដោយ​ក្រុមហ៊ុន Cambridge Analytica មានមូលដ្ឋាន​នៅក្នុងប្រទេស​អង់គ្លេស ប្រើប្រាស់ទិន្នន័យ​អ្នកប្រើប្រាស់​របស់ខ្លួនជាង ៥០លាននាក់
ដោយគ្មាន​ការ​អនុញ្ញាត៕ ​