(អាមេរិក)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ចំនួនមនុស្សបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់លិចទូកដឹកអ្នកទេសចរមួយគ្រឿង នៅលើផ្ទៃបឹងមួយកន្លែងក្នុងរដ្ឋ មីសសួរី (Missouri) ភាគកណ្តាលសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានកើនដល់ ១៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម Fox News ក្នុងចំណោមអ្នកស្លាប់ទាំង ១៧នាក់ខាងលើ ក៏មានកុមារផងដែរ ខណៈក្មេងជំទង់ ០៤នាក់ និងកុមារ ០៣នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយនៅក្នុងតំបន់ ហើយក្នុងចំណោមនោះពីរនាក់ស្ថិតមានស្ថានភាពធ្ងន់ធ្ងរ។ ទូកដឹកអ្នកទេសចរមួយគ្រឿងនេះបានក្រឡាប់លិចនៅក្នុងបឹងឈ្មោះ ថេប៊ល រ៉ក់ ឡេក (Table Rock Lack) នៅចំពេលមានខ្យល់បោកបក់ខ្លាំង។
ទូកនេះមានផ្ទុកអ្នកដំណើរ ២៩នាក់ បូករួមទាំងអ្នកបញ្ជាទូកពីរនាក់ទៀត រីឯក្នុងចំណោមមានអ្នកស្លាប់មានអាយុចន្លោះពី ០១ឆ្នាំ ដល់ ៧០ឆ្នាំ ហើយមិនតែប៉ុណ្ណោះមនុស្ស ០៩នាក់ នៃអ្នកស្លាប់ទាំង ១៧នាក់ គឺជាសមាជិកគ្រួសារតែមួយទៀតផង។
គួរជម្រាបថា ក្រុមអ្នកមុជទឹកអាមេរិក កំពុងតាមស្វែងរកអ្នកដែលបានបាត់ខ្លួន ខណៈមនុស្ស ០៧នាក់កំពុងសម្រាកដើម្បីទទួលការព្យាបាល នៅឯមន្ទីរពេទ្យក្នុងតំបន់កើតហេតុ ក្រោយពីពួកគេបានរួចរស់ជីវិត ពីគ្រោះថ្នាក់លិចទូកខាងលើ ខណៈមនុស្សបាត់ខ្លួនមួយចំនួនទៀត ក្រុមសង្គ្រោះកំពុងស្វែងរកក្នុងបឹង៕