(ហ្កាហ្សា)៖ អ៊ីស្រាអែល និងក្រុមហាម៉ាស់បានព្រមព្រៀងលើបទឈប់បាញ់មួយ ដើម្បីស្ដារឡើងវិញនូវភាពស្ងប់ស្ងាត់នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែល មិនទាន់ទទួលស្គាល់ការអះអាងនេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រុមហាម៉ាស់លោក ហ្វរហ្ស៊ី បាហួម (Fawzi Barhoum) នៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា បទឈប់បាញ់មួយត្រូវបានព្រមព្រៀងជាមួយអ៊ីស្រាអែល តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងទ័ពអាកាសអ៊ីស្រាអែល បើកការ វាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានចំនួន ៤០កន្លែង របស់ក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា។
លោក Fawzi បានលើកឡើងយ៉ាងដូច្នេះថា «ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីប និងអង្គការសហប្រជាជាតិ ការព្រមព្រៀងគ្នាលើការធ្វើឱ្យស្ថានភាពត្រឡប់ទៅ រកភាពស្ងប់ស្ងាត់វិញនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានធ្វើឡើង»។
គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះសារព័ត៌មាន Jerusalem Post ក៏បានរាយការណ៍ផងដែរថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បាន ព្រមព្រៀងលើបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សា។ ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែល មិនទាន់ទទួលស្គាល់ការអះអាងនេះនៅឡើយទេ៕