(យូអិន)៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានជំរុញឱ្យបណ្ដា​រដ្ឋជាសមាជិកអង្គការ​សហប្រជាជាតិទាំងអស់ បន្តរក្សាការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ យ៉ាងពេញលេញ​លើ​កូរ៉េខាងជើង ក៏ដូចជារក្សា​ផងដែរការដាក់​សម្ពាធលើ​លោក គីម ជុងអ៊ុន ឱ្យរំសាយ​អាវុធ​នុយក្លេអ៊ែរ​ចោល។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន បន្ទាប់ពីជំនួបជាមួយ​ក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅ​ទីក្រុងញូយ៉ក) លោក ប៉ុមប៉េអូ បានកត់​សម្គាល់​ដូច្នេះថា «យើងចង់ឃើញ​លោកប្រធាន គីម អនុវត្តន៍​តាមអ្វីដែលខ្លួនបាន​សន្យា​ចំពោះពិភពលោក​ថា លោកនឹងធ្វើវា ហើយ​សហរដ្ឋអាមេរិក​ជឿថា​ កូរ៉េខាងជើងអាចនឹង​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ និងមីស៊ីល... ប៉ុន្តែ​ដើម្បី​សម្រេចគោលដៅ​នេះ យើងត្រូវតែរក្សា​ឱ្យបានការដាក់​ទណ្ឌកម្មយ៉ាងពេញ​ លើទីក្រុង​ព្យុងយ៉ាង»

គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំ​របស់លោក ប៉ុមប៉េអូ ចិន និងរុស្ស៊ី បានស្នើឱ្យមាន​ការកាត់បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​ ប្រឆាំងនឹង​កូរ៉េខាងជើង ដើម្បីចូលរួម​ចំណែកលើកកម្ពស់​ស្ថានភាព​ធូរស្រាល នៅលើឧបទ្វីប​កូរ៉េបច្ចុប្បន្ន។ ប៉ុន្តែ អគ្គរដ្ឋទូត​អាមេរិក ​លោកស្រី ​Nikki Haley បានអះអាងថា មធ្យោបាយការទូត​ដ៏ល្អលើកូរ៉េខាងជើង ដែល​សហរដ្ឋអាមេរិក​គំាទ្រ នោះគឺគ្មាន​ឡើយ ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម រហូតទាល់​ទីក្រុងព្យុងយ៉ាង លុបចោល​អាវុធនុយក្លេអ៊ែរ​ទាំង​ស្រុង៕