(ព្យុងយ៉ាង)៖ បណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmum បានចេញផ្សាយ​ព័ត៌មាន​ដោយវាយ​ប្រហារចំៗ​ ​ទៅលើបណ្តា​សារព័ត៌មានកូរ៉េខាងត្បូង​​ជាច្រើនថា ពុំបានធ្វើអ្វីទាល់​តែសោះ ដើម្បីជួយឲ្យទំនាក់ទំនង​កូរ៉េទាំងពីរបានប្រសើរ​ឡើង។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នាយប់​ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

សារព័ត៌មានរដ្ឋ​កូរ៉េខាងជើងបានរិះគន់​ដូចខាងលើនេះ គឺចង់សំដៅ​ទៅលើបណ្តា​សារព័ត៌មាន​ជាច្រើនរបស់ទីក្រុង​សេអ៊ូល ដែលនៅតែបន្ត​ផ្សព្វផ្សាយព័ត៌មាន​អវិជ្ជមានពី​កូរ៉េខាងជើង ស្ថិតនៅក្នុងន័យគាំទ្រ​ចៅហ្វាយនាយរបស់ពួកគេ​នៅអាមេរិក។ បន្ថែមពីនេះ​សារព័ត៌មាន Rodong Sinmun ក៏បានសង្កត់ធ្ងន់​ទៀតថា សារព័ត៌មាន​កូរ៉េខាងត្បូងខ្លះ​មិនបានអនុវត្តន៍​ជាលក្ខណៈស្ថាបនា ដើម្បីជម្រុញទំនាក់ទំនង​ឲ្យល្អរវាងកូរ៉េទាំងពីរ​នោះឡើយ។

គួរបញ្ជាក់ថា ការរិះគន់របស់​កូរ៉េខាងជើង គឺសមស្របទៅតាម​កិច្ចព្រមព្រៀង​កាលពីជំនួបរវាងលោក មូន ជែអ៊ីន និង​លោក គីម ជុងអ៊ុន ជាប្រវត្តិសាស្ត្រ​នៅក្នុងទឹកដី​ព្រំដែនខាង​កូរ៉េខាងត្បូង ដោយក្នុងនោះ​ក៏មានចែងផងដែរអំពីតួនាទី​របស់បណ្តា​សារព័ត៌មាន​នៃ​ប្រទេស​ទាំងពីរ ដែលត្រូវផ្អាក​ការផ្សាយព័ត៌មានរិះគន់ និងវាយប្រហារ​គ្នាទៅវិញទៅមក ស្ថិតនៅក្នុងន័យស្តារ​ទំនាក់ទំនងបងប្អូន​ទាំងពីរ​ឲ្យប្រសើរ​ឡើងវិញ៕