(ញូដេលី)៖ អ្នកទោសជាស្ត្រី ៧៨នាក់ នៅក្នុងពន្ធនាគារមួយនៃទីក្រុងម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារតែសង្ស័យថា បានពុលចំណីអាហារនៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ
សារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
មន្ត្រីពន្ធនាគារជាច្រើននាក់ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា អ្នកទោសជាប់ក្នុងពន្ធនាគារ បាយខាលឡា (Byculla) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋជែជែ (J.J. Hospital) ក្រោយពួកគេរាយការណ៍ថា មានអាការៈឈឺពោះ ក្អួតចង្អោរ និងរាក តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបានហូបអាហារពេលព្រឹក។ ដោយឡែក ខាងមន្ទីរពេទ្យក៏បានទទួលស្គាល់ដែរថា មានអ្នកជំងឺ ៧៨នាក់ កំពុងសម្រាកព្យាបាល ខណៈក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតលើករណីនេះ។
គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយ ក្នុងរយៈពេលបីខែមកនេះ ដែលមានសេចក្ដីរាយការណ៍ពីករណីសង្ស័យពុលចំណីអាហារ ក្នុងពន្ធនាគារដែលធ្លាប់បណ្ដាលឱ្យអ្នកទោសពីរនាក់ស្លាប់ និង៥០នាក់ធ្លាក់ខ្លួនឈឺ នៅឯពន្ធនាគារមួយកន្លែងក្នុងរដ្ឋ ឆាតទីសហ្គាហ៍ (Chhattisgarh) ភាគកណ្ដាលប្រទេសឥណ្ឌា កាលពីខែឧសភា៕