(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ត្រូវគេបង្ហើបឲ្យដឹងថា បានស្នើឡើងនូវការរៀបចំបោះឆ្នោតប្រជាមតិ ដើម្បីធ្វើជាដំណោះស្រាយសម្រាប់វិបត្តិដ៏រ៉ាំរ៉ៃ នៅតំបន់ភាគខាងកើតអ៊ុយក្រែន ទៅកាន់សមាភាគីអាមេរិករបស់លោក គឺប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងជំនួបកំពូលមួយទល់នឹងមួយ កាលពីប៉ុន្មានថ្ងៃមុននៅក្រុងហែលស៊ីនគី នៃប្រទេសហ្វាំងឡង់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក Bloomberg ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
បើតាម Bloomberg ដែលទទួលបានប្រភពព័ត៌មានពីក្រុមមន្រ្តី ដែលមានវត្តមាននៅក្នុងឱកាសជួបពិភាក្សា រវាងមេដឹកនាំទាំងពីរ លោក ពូទីន បាននិយាយអំពីសំណើខាងលើ នៅក្នុងអំឡុងកិច្ចប្រជុំបិទទ្វារមួយ ជាមួយបណ្តាឯកអគ្គរដ្ឋទូតកំពូលៗនៅឯទីក្រុងម៉ូស្គូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ចំណែកឯលោក ត្រាំ វិញក្រោយពីបានលឺសំណើនេះហើយត្រូវគេអះអាងថា បានស្នើឲ្យលោក ពូទីន កុំលើកឡើងពីគំនិតនេះនៅក្នុងសន្និសីទរួម ដែលធ្វើឡើងនៅក្រោយជំនួបឡើយ ដើម្បីទុកពេលឲ្យរូបលោក យកពេលគិតគូរពិចារណា ចំពោះសំណើនេះឲ្យបានច្បាស់លាស់សិន។
គួរជម្រាបថា តំបន់ចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន គឺតំបន់ Donetsk និង Luhunsk ដោយទាំងពីរចូលគ្នាហៅថា Donbass នោះបាននិងកំពុងជាប់គាំងក្នុងបញ្ហាជម្លោះ ជាមួយរដ្ឋភិបាលកណ្តាល ក្រោយពីរដ្ឋាភិបាលថ្មី បានឡើងកាន់អំណាចក្នុងទីក្រុងកៀវកាលពីឆ្នាំ២០១៤៕