(អង់ការ៉ា)៖ ស្ត្រីម្នាក់ និងកូនបីនាក់របស់នាងបានធ្វើដំណើរតាមទូក ដើម្បីរត់ភៀសខ្លួនចេញពីប្រទេសតួកគី ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាលដែលកំពុងបន្តទៅលើអ្នកគាំទ្រនៃចលនា Gülen ប៉ុន្តែមនុស្សទាំង០៤នាក់នេះ បានបាត់ខ្លួននៅក្នុងទន្លេ Evros តាមបណ្តោយព្រំដែនតួកគី និងក្រិកកាលពីយប់ថ្ងៃពុធ។ នេះបើតាមការដកស្រង់ពីវែបសាយ Stockholm Center for Freedom នៅរសៀលថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
ប្រភពព័ត៌មានបានឱ្យដឹងថាម្តាយនិងកូនៗខាងលើ រួមមាននាង Hatice Akçabay អាយុ៣៦ឆ្នាំ និងកូនប្រុស ០៣នាក់ឈ្មោះ Ahmet Esat អាយុ ០៧ឆ្នាំ Mesut អាយុ ០៥ ឆ្នាំនិង Aras អាយុមួយឆ្នាំ។ ឪពុករបស់ក្មេងៗដែលមានឈ្មោះ Murat Akçabay និងមនុស្ស៤នាក់ផ្សេងទៀតដែលនៅលើទូកនោះត្រូវបានគេជួយសង្គ្រោះ។ មន្ត្រីនៃប្រទេសក្រិចបានប្រាប់សារព័ត៌មាន Euronews ថា ពួកគេត្រូវបានដាក់ឲ្យស្ថិតនៅ ក្នុងស្ថានីយ៍ប៉ូលិសមួយនៅជាប់ព្រំដែនជាមួយតួកគី។
គួរជម្រាបថា មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រទេសតួកគី ដោយសារតែការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលនៃគណៈបក្សយុត្តិធម៌ និងការអភិវឌ្ឍន៍ (AKP) ប្រឆាំងនឹងអ្នកគាំទ្រនៃចលនា Gülen បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ។ រដ្ឋាភិបាលបាននិងនៅតែចោទប្រកាន់ថា ចលនានេះគឺជាក្រុមដែលនៅពីក្រោយខ្នងនៃរដ្ឋប្រហារ ទោះបីជាមានការបដិសេធពីចលនាយ៉ាងណាក៏ដោយ៕