(កោះកុង)៖ ទំនប់វារីអគ្គិសនីមួយ ដែលសាងសង់ដោយក្រុមហ៊ុនចិន នៅក្នុងខេត្តកោះកុង មិនត្រឹមតែផ្តល់ថាមពលអគ្គិសនីក្នុងតម្លៃទាប ជូនដល់ប្រជាពលរដ្ឋ កាន់តែច្រើននៅតាមតំបន់ ដាច់ស្រយាលប៉ុណ្ណោះទេ តែក៏បង្កើតបានជាការងារ ជាច្រើនដល់ពលរដ្ឋមូលដ្ឋានផងដែរ។
ទំនប់វារីអគ្គិសនី ស្ទឹងឬស្សីជ្រុំក្រោម ដែលសាងសង់ឡើង ដោយក្រុមហ៊ុនចិនឈ្មោះ China Huadian Corp ជាទំនប់ដ៏ធំ និងទំនើបបំផុតមួយ ក្នុងប្រទេសកម្ពុជា។
ទំនប់នេះ ចាប់ផ្តើមដំណើរការ កាលពីឆ្នាំ២០១៥ ហើយវាមានសមត្ថភាព ផលិតថាមពលអគ្គិសនី បាន៣៣៨,០០០គីឡូវ៉ាត់ និងអាចផលិតថាមពល៣០% នៃទិន្នផលថាមពលអគ្គិសនី សរុបក្នុងប្រទេសកម្ពុជា នៅអំឡុងរដូវដែលផលិតបានច្រើនបំផុត។
លោក កៀត មករា បុគ្គលិកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន China Huadian Corp បានឲ្យដឹងថា «ខ្ញុំជាអ្នកទទួលខុសត្រូវ លើការងារណែនាំអំពីការផលិតថាមពលពីអគ្គិសនីកម្ពុជា មកក្រុមការងារជនជាតិចិន ដោយឡែកសម្រាប់ប្រាក់ខែបុគ្គលិក ដែលធ្វើការនៅទំនប់វារីអគ្គិសនីនេះ ទទួលបានជិត៥០០ដុល្លារក្នុង១ខែ ពោលប្រាក់ខែនេះ គឺទទួលបានច្រើនណាស់ បើធៀបនឹងប្រាក់ខែជាមធ្យមនៅក្នុងតំបន់»។
លោក កៀត មករា បន្ដទៀតថា «ខ្ញុំសង្ឃឹមថា ប្រទេសកម្ពុជានឹងអភិវឌ្ឍន៍ កាន់តែឆាប់រហ័ស ហើយគ្រប់ផ្ទះទាំងអស់នៅកម្ពុជា នឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍នេះ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ ក៏នឹងល្អប្រសើរជាងមុនដែរ»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ថាមពលអគ្គិសនីចំនួន៧,៤០០លានគីឡូវ៉ាត់ម៉ោង ត្រូវបានផលិតក្នុងប្រទេសកម្ពុជា ពោលច្រើនជាងមុន១២ដង បើធៀបនឹងថាមពល ដែលផលិតបាននៅឆ្នាំ២០០២ ហើយបច្ចុប្បន្នតំបន់ភាគច្រើន ក្នុងប្រទេសកម្ពុជា សុទ្ធតែមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ ពីបណ្តាញអគ្គិសនីជាតិ។
អ្នកភូមិម្នាក់បាននិយាយថា «តាំងពីជំនាន់មុនៗនេះ យើងយកភ្លើងថៃមកប្រើ មិនងាយសស្រួលសោះងាកដាច់ៗ តែឥឡូវបានក្រុមហ៊ុនមក ការប្រើប្រាស់ភ្លើងសព្វថ្ងៃប្រើល្អជាងមុន តម្លៃក៏ថោកសមរម្យ ហើយសម្រាប់តំបន់ដាច់ស្រយាល ក៏មានភ្លើងប្រើប្រាស់ដែរ»។
លោក ល័រ ជានហួរ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនកម្ពុជា ទំនប់វារីអគ្គិសនីស្ទឹងឬស្សីជ្រំក្រោមឆៃណាហួរទាន បានបង្ហាញពីមោទនភាព ដែលបានឃើញការផ្លាស់ប្តូរវិជ្ជមាន ដែលកើតចេញពីគម្រោងនេះ។
លោក ល័រ ជានហួរ បានបន្ដទៀតថា «ក្រុមហ៊ុន ហួរទាន បានមកប្រទេសកម្ពុជា ក្រោមការណែនាំពីគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្រោយពីបានឆ្លងកាត់រយៈពេលជាច្រើនឆ្នាំកន្លងមក បន្ថែមលើសពីនេះក៏បានកំពុងជួយប្រទេសកម្ពុជា ឱ្យមានភាពឯករាជ្យ លើថាមពលអគ្គិសនី ជាជាងការពឹងផ្អែកទៅលើថាមពលដែលនាំចូលពីបរទេស។ ដោយឡែកសម្រាប់តម្លៃ ថាមពលអគ្គិសនីក្នុងស្រុក បានចុះថោកយ៉ាងខ្លាំងដោយចុះពី១៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង មកក្រោម៨០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង»។
លោកបានបន្ដទៀតថា សម្រាប់គុណភាព ថាមពលអគ្គិសនីវិញ រឹតតែល្អប្រសើរខ្លាំងជាងមុនទៅទៀត ពួកយើងសង្ឃឹមថា តាមរយៈការព្យាយាមរួមគ្នារវាងបុគ្គលិកចិន-ខ្មែរ នឹងជួយធ្វើឱ្យជីវិតប្រជាពលរដ្ឋខ្មែរ កាន់តែល្អប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានដាក់ថាមពលអគ្គិសនី ជាអាទិភាពនៅក្នុងផែនការអភិវឌ្ឍជាតិ ហើយក៏កំពុងមានបំណង ចង់ឱ្យគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស អាចមានអគ្គិសនីសម្រាប់ប្រើឱ្យ បាននៅត្រឹមឆ្នាំ២០២០ខាងមុខ៕ (សារព័ត៌មាន CCTV របស់ចិន)