(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវគេរាយការណ៍ថា កំពុងរៀបចំគម្រោងដើម្បីបង្កើតស្ថានីយអវកាសតូចមួយ នៅក្បែរគន្លងនៃឋានព្រះច័ន្ទនៅខ្ទង់ឆ្នាំ២០២៥។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក USA Today ស្ថានីយច្រកផ្លូវនេះ នឹងធ្វើឲ្យបេសកកម្មដឹកជញ្ជូនមនុស្សជាប្រចាំទៅឋានព្រះច័ន្ទ កាន់តែអាចទៅរួចខ្លាំងថែមទៀត ស្របពេលដែលក្រុមហ៊ុននៅក្នុងវិស័យឯកជន កំពុងផ្តោតសំខាន់លើការបញ្ជូនរបស់របរនានា ឡើងទៅកាន់ទីអវកាស។
លោក Bob Richards ដែលជា CEO របស់ក្រុមហ៊ុន Moon Express បានលើកឡើងថា អ្វីដែលបានកើតឡើងចំពោះវិស័យបាញ់បង្ហោះយានអវកាសបែបពាណិជ្ជកម្ម ច្បាស់ជានឹងកើតមានឡើងចំពោះវិស័យពាណិជ្ជកម្មទាក់ទងនឹងឋានព្រះច័ន្ទដូចគ្នាអ៊ីចឹងដែរ។
ក្រុមហ៊ុន Moon Express ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ជាមួយគោលដៅរុករក និងខួងយកប្រភពធនធាននៅលើផ្ទៃរបស់ព្រះច័ន្ទ។ នាពេលកន្លងមកនេះ Moon Express បាននិងកំពុងធ្វើការដើម្បីកាត់បន្ថយការចំណាយសម្រាប់បេសកកម្មរ៉ូបូត ប៉ុន្តែលោក Richards បានបង្ហាញក្តីជឿជាក់ថា នាអនាគតដ៏ខ្លីខាងមុខ មនុស្សលោកនឹងអាចស្នាក់នៅលើឋានព្រះច័ន្ទបាន។
កិច្ចប្រឹងប្រែងដែលផ្តោតសំខាន់ទៅលើឋានព្រះច័ន្ទ គឺស្របទៅតាមការណែនាំរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែធ្នូ ឆ្នាំ២០១៧ ដែលជំរុញឲ្យ NASA បញ្ជូនអវកាសយានិកត្រឡប់ទៅកាន់ព្រះច័ន្ទជាថ្មីម្តងទៀត ដែលវាគឺជាការផ្លាស់ប្តូរ ពីការផ្តោតសំខាន់របស់រដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ស្តីពីការបញ្ជូនមនុស្សទៅភពអង្គារ (Mars)។ ចាប់តាំងពីបេសកកម្មអាប៉ូឡូ ១៧ របស់អាមេរិកកាលពីឆ្នាំ១៩៧២មក គឺពុំដែលធ្លាប់មានមនុស្សទៅជាន់លើឋានព្រះច័ន្ទឡើយ។
NASA សព្វថ្ងៃកំពុងសហការជាមួយក្រុមហ៊ុនដូចជា Moon Express ជុំវិញគម្រោងដើម្បីបង្ហោះក្រុមយានរ៉ូបូតចុះចត ដែលបំពាក់នូវឧបករណ៍វិទ្យាសាស្រ្ត ឆ្ពោះទៅកាន់ឋានព្រះច័ន្ទ ឲ្យបានឆាប់បំផុតនៅឆ្នាំ២០១៩។ បើតាមការគូសបញ្ជាក់របស់ USA Todays គម្រោងស្ថានីយអវកាសរបស់ NASA នឹងពុំអាចបញ្ជូនអវកាសយានិកទៅកាន់ផ្ទៃព្រះច័ន្ទឡើយ បើពុំមានយានចុះចត ដែលផ្គត់ផ្គង់ដោយដៃគូ ប៉ុន្តែក្រុមហ៊ុនដូចជា SpaceX របស់លោក Elon Musk និង Blue Origin របស់លោក Jeff Bezos អាចជួយដល់រឿងនេះបាន។
ម៉្យាងវិញទៀត របកគំហើញនៃប្រភពធនធានទឹក នាពេលថ្មីៗនេះនៅលើផ្ទៃព្រះច័ន្ទ នឹងកាន់តែធ្វើឲ្យការផ្គត់ផ្គង់ដល់ស្ថានីយអវកាស កាន់តែមានភាពងាយស្រួលទៅទៀត។ កាលពីខែឧសភាកន្លងទៅ លោក Bezos បានដាក់ចេញនូវគម្រោងរបស់លោក ដើម្បីបង្កើតមូលដ្ឋានមួយលើឋានព្រះច័ន្ទ ទោះបីជាមាន ឬពុំមានការជួយពី NASA ក៏ដោយ។ ជាមួយគ្នានេះដែរកាលពីសប្តាហ៍មុន អ៊ីស្រាអែលបានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការបញ្ជូនយានចុះចតមួយគ្រឿង នៅលើផ្ទៃឋានព្រះច័ន្ទ ជាមួយការជួយជ្រោមជ្រែងពីសំណាក់គ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX។
គួរជម្រាបថា ថ្ងៃសុក្រសប្តាហ៍នេះគឺជាគម្រប់ខួប ៤៩ឆ្នាំ នៃការបោះជំហានយក្សរបស់មនុស្សលោកយើង គឺនៅពេលដែលបេសកកម្ម Apollo 11 បានចុះទៅដល់ផ្ទៃឋានព្រះច័ន្ទ កាលពីឆ្នាំ១៩៦៩ ហើយក្រៅពីព្រះច័ន្ទ និងផែនដី មនុស្សលោកមិនដែលបានទៅជាន់ទីកន្លែងណាផ្សេងទៀតនៅឡើយទេ នៅក្នុងប្រព័ន្ធព្រះអាទិត្យ៕