(ស្តុកហូម)៖ ក្រសួងការបរទេសរបស់តួកគី បានកំណត់គោលដៅលើមនុស្សជាង ៤,៦០០នាក់ ដែលជាអ្នកដើរតាមការប្រៀនប្រដៅរបស់លោក ហ្គូលែន កំពុងស្នាក់នៅជាង ១១០ ប្រទេស ដែលជាផ្នែកមួយនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលតួកគី ក្រោយពីរដ្ឋប្រហារឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sabah Daily នៅរសៀលថ្ងៃសុក្រទី ២០ ខែកក្កដា ឆ្នាំ២០១៨។
អត្ថបទដែលបានចុះផ្សាយខាងលើបាននិយាយថា «រហូតមកដល់ពេលនេះ មនុស្សជាង ៨០នាក់ ហើយដែលរងការចោទប្រកាន់ថា ជាអ្នករៀបចំផែនការរដ្ឋប្រហារមកពី ១៨ប្រទេស ត្រូវបាននាំត្រឡប់ទៅតួកគីវិញ នៅក្នុងការចាប់ខ្លួនជាសកល»។
លោក អេដូហ្គាន់ (Erdoğan) ប្រធានាធិបតីតួកគីបានចោទប្រកាន់ចលនា Gülen ថាជាក្រុមដែលនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលបានបរាជ័យនៅក្នុងប្រទេសតួកគីកាលពីឆ្នាំ២០១៦ ខណៈពេលដែលមានការបដិសេធពីការចូលរួមនេះយ៉ាងណាក៏ដោយ។
មនុស្សជាង ១៥០,០០០នាក់ត្រូវបានចាប់ខ្លួន និង ៩០,០០០នាក់ ត្រូវបានគេឃុំឃាំងនៅក្នុងពន្ធនាគារក្នុងប្រទេសតួកគី ចាប់តាំងពីរដូវក្តៅឆ្នាំ២០១៦មក។ ទន្ទឹមនឹងនេះលោក Erdogan បានអំពាវនាវដល់រដ្ឋាភិបាលបរទេសឱ្យដាក់ទណ្ឌកម្មលើក្រុមហ្គូលែន និយមនៅមានក្នុងប្រទេសរបស់ពួកគេផងដែរ។
រហូតមកទល់ពេលនេះប្រទេសមួយចំនួនដូចជា អារ៉ាប៊ីសាអ៊ូឌីត ម៉ាឡេស៊ី ហ្សកហ្សី និងមីយ៉ានម៉ាបានប្រគល់គ្រូបង្រៀន ពាណិជ្ជករ និងនាយកសាលា តាមសំណើរបស់រដ្ឋាភិបាលតួកគី ថ្វីបើមានជនរងគ្រោះមួយចំនួនដែលមានឋានៈជាជនភៀសខ្លួន ជាមួយអង្គការសហប្រជាជាតិក៏ដោយ។ ក្នុងករណីមួយចំនួនទីភ្នាក់ងារស៊ើបអង្កេតតួកគីត្រូវបានគេរាយការណ៍ថា បានចាប់ខ្លួនជនសង្ស័យដែលនៅក្រៅប្រទេស បើទោះបីជាតុលាការបានបដិសេធសំណើរបស់ប្រទេសតួកគីសម្រាប់ការនិរទេសក៏ដោយ៕