(សេអ៊ូល)៖ តុលារការកូរ៉េខាងត្បូងបានផ្ដន្ទាទោស អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដាក់ពន្ធនាគាររយៈពេល ០៨ឆ្នាំបន្ថែមទៀត នៅថ្ងៃសុក្រនេះបន្ទាប់ពីរកឃើញថា លោកស្រីមានទោសពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានធ្វើឱ្យបាត់
លុយរដ្ឋាភិបាល និងជៀតជ្រែកក្នុងការបោះឆ្នោតសភាកាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
សម្រាប់ទោស ០៨ឆ្នាំ បន្ថែមខាងលើនេះ គឺក្រោយពីតុលាការក្នុងទីក្រុងសេអ៊ូលបានសម្រេចថា លោកស្រី ផាក ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារ ២៤ឆ្នាំ រួចមកហើយពីបទពុករលួយនោះ បានគុបគិតជាមួយអតីតមន្ត្រីជំនិតរបស់ខ្លួន ដោយធ្វើឱ្យបាត់មូលនិធិរដ្ឋជាង ៣០លានវ៉ុន ឬ ២៦.៤៩លានដុល្លារ ពីទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិ។
មិនតែប៉ុណ្ណោះលោកស្រី ក៏ត្រូវបានគេឃើញទោសកំហុសផងដែរថា បានលូកដៃចូល ក្នុងកិច្ចការជ្រើសរើសបេក្ខជនគណបក្សរបស់លោកស្រី ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតសភាកាលពីឆ្នាំ២០១៦ ដូច្នេះទើបទោសជាប់ពន្ធនាគារបន្ថែម ត្រូវបានសម្រេចចេញ។ ប៉ុន្តែដោយសារលោកស្រី ផាក គឺនហេ មានអាយុ ៦៦ឆ្នាំ បានច្រានចោលរាល់ការចោទប្រកាន់មកខ្លួន ដូច្នេះហើយលោកស្រីមិនបានបង្ហាញខ្លួន នៅក្នុងសវនាការឡើយ។
គួររំលឹកថា កាលពីខែមេសា លោកស្រី ផាក ត្រូវបានតុលាការជាន់ទាបកូរ៉េខាងត្បូង រកឃើញថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ តាមរយៈការរំលោភ អំណាចរដ្ឋក្នុងសំណុំរឿងអាស្រូវពុករលួយនយោបាយ ពាក់ព័ន្ធស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តជិតស្និទ្ធម្នាក់របស់លោកស្រី៕