(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនផលិតយន្តហោះលំដាប់កំពូលរបស់អាមេរិក Boeing Co. បានឲ្យដឹងខ្លួនកំពុងគាំទ្រការអំពាវឲ្យប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលចង់ឲ្យមានការបង្កើនចំនួនការងារឲ្យកាន់ច្រើនថែមទៀត តាមរយៈការសន្យាថា នឹងបង្កើតឱកាសការងារសម្រាប់ពលករអាមេរិកប្រមាណ ១០០,០០០កន្លែង នៅក្នុងអំឡុងពេល ០៥ឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមហ៊ុន Boeing បានឲ្យដឹងទៀតថា នាពេលកន្លងមកនេះខ្លួនបានបណ្តាក់ទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ៣០០លានដុល្លារ ទៅលើបណ្តាបុគ្គលិកក៏ដូចជាសហគមន៍របស់ក្រុមហ៊ុនដោយ ១០០លានដុល្លារ ក្នុងនោះត្រូវបានចំណាយដោយផ្តោតទៅលើការអភិវឌ្ឍនៃកម្លាំងពលកម្ម។
គួរជម្រាបថា សេចក្តីប្រកាសរបស់ក្រុមហ៊ុន Boeing គឺជាគាំទ្រមួយសម្រាប់ការប្តេជ្ញារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានគោលដៅបង្កើនអត្រានៃចំនួនអ្នកមានការងារនៅ នៅចំពេលដែលសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោកនេះត្រូវលោក ត្រាំ អួតអាងថា មានភាពប្រសើរខ្លាំងលើសពីពេលណាៗទាំងអស់៕