ក្រឡាប់ទូកដឹកអ្នកទេសចរ នៅភាគកណ្តាលសហរដ្ឋអាមេរិក «ផ្តាច់ជីវិតមនុស្ស០៨នាក់ និងបាត់ខ្លួនមួយចំនួនទៀត»
20-07-2018 11:31
(អាមេរិក)៖ មនុស្សយ៉ាងតិច ០៨នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតបាត់ខ្លួន ខណៈទូកដឹកអ្នកទេសចរមួយគ្រឿង បានក្រឡាប់លិចនៅលើផ្ទៃបឹងមួយកន្លែងក្នុងរដ្ឋ មីសសួរី (Missouri) ភាគកណ្តាលសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សាយក្នុងស្រុកអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
បើតាមប្រភពព័ត៌មាននៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ មនុស្សយ៉ាងតិច ០៨នាក់ ត្រូវបានអាជ្ញាធរបញ្ជាក់ថា បាត់បង់ជីវិត និងមួយចំនួនទៀតមិនទាន់ត្រូវបានឃើញនៅឡើយទេ ក្រោយពីទូកដឹកអ្នកទេសចរមួយគ្រឿង បានក្រឡាប់ហើយលិចនៅក្នុងបឹងឈ្មោះ ថេប៊ល រ៉ក់ ឡេក (Table Rock Lack) នៅចំពេលមានខ្យល់បោកបក់ខ្លាំង។
គួរជម្រាបថា នាខណៈនេះក្រុមអ្នកមុជទឹកអាមេរិក កំពុងតាមស្វែងរកអ្នកដែលបានបាត់ខ្លួន ខណៈទូកខាងលើមានផ្ទុកមនុស្សសរុបចំនួន ៣១នាក់ ហើយមនុស្សមួយចំនួនទៀត ក៏កំពុងសម្រាកដើម្បីទទួលការព្យាបាល នៅឯមន្ទីរពេទ្យក្នុងតំបន់កើតហេតុផងដែរ ក្រោយពីពួកគេបានរួចរស់ជីវិត ពីគ្រោះថ្នាក់លិចទូកខាងលើ៕