(ប៉ារីស)៖ ក្រុមរដ្ឋអាជ្ញាបារាំងកំពុងស៊ើបអង្កេតលើ មន្ត្រីជំនិតជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ដែលត្រូវបានគេចោទប្រកាន់ថា បានពាក់មួកប៉ូលិសបង្រ្កាបបាតុកម្ម និងប្រើហិង្សាលើបាតុករពីរនាក់នៅក្នុងទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
លោក អាហ្សង់ដ្រេ ប៊ែរណលឡា (Alexandre Benalla) ជាជំនួយការប្រធានបុគ្គលិករបស់លោក ម៉ាក្រុង ត្រូវបានគេថតជាប់នៅក្នុងវីដេអូមួយដោយសកម្មជនជានិស្សិតម្នាក់បង្ហាញថា លោកបានប្រើប្រាស់ហិង្សាលើបាតុករជាស្ត្រី និងបុរសម្នាក់ អំឡុងមានសកម្មភាពធ្វើបាតុកម្មតវ៉ា «May Day» ហើយបន្ទាប់មក ទើបលោកត្រូវបានសារព័ត៌មានបារាំងឡឺម៉ុង (Le Monde) បញ្ជាក់អត្តសញ្ញាណ។
បន្ថែមពីលើនេះ នៅក្នុងវីដេអូនោះក៏បានបង្ហាញផងដែរថា លោក Benalla ត្រូវបានអមដំណើរនៅថ្ងៃកើតហេតុដោយប៉ូលិសម្នាក់ និងសមាជិកបក្សនយោបាយម្នាក់ទៀតរបស់លោក ម៉ាក្រុង ឈ្មោះ វីនសិន ក្រាស (Vincent Crase)។
ដោយឡែកជុំវិញសំណុំរឿងនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ហ្គែរ៉ាដ ខូលឡុម (Gerard Collomb) បាននិយាយថា លោកបានបញ្ជាឱ្យមានការបើកការស៊ើបអង្កេតមួយ ដឹកនាំដោយអធិការដ្ឋានប៉ូលិសជាតិបារាំង ហើយបុរសទាំងពីរនាក់ខាងលើ គ្មានសិទ្ធិស្របច្បាប់ធ្វើអន្តរាគមន៍ក្នុងបាតុកម្មតវ៉ានោះទេ។
គួរបញ្ជាក់ថា អំហិង្សាបានផ្ទុះឡើងនៅអំឡុងបាតុកម្មតវ៉ាមួយនៅឯតំបន់ ផ្លេសឌែឡា (Place de la Contrescarpe) ស្ថិតក្នុងសង្កាត់ទី ៥ នៃទីក្រុងប៉ារីស ជាទីដែលមនុស្ស ១០០នាក់ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មកាលពីថ្ងៃទី០១ ខែឧសភា ប្រឆាំងនឹងសំណើច្បាប់ការងាររបស់លោក ម៉ាក្រុង៕