(អាមេរិក)៖ ផ្ទៃពោពេញដោយអាថ៌កំបាំងរបស់ព្រះច័ន្ទយក្ស Titan នៃភពសៅរ៍ (Saturn) បានបង្ហាញខ្លួនយ៉ាងច្បាស់អស្ចារ្យ នៅក្នុងសំណុំរូបភាពរបស់យានអវកាស Cassini នៃអង្គការ NASA ដែលទើបត្រូវបានបញ្ចេញនាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមការងារនៃបេសកកម្ម Cassini ដែលទើបតែបញ្ចប់ទៅកាលពីឆ្នាំមុន បានបង្កើតសំណុំរូបភាពចំនួន ០៦សន្លឹក តាមរយៈការប្រើប្រាស់ទិន្នន័យគិតជារយៈពេលសរុបគឺ ១៣ឆ្នាំ ដែលប្រមូលបានដោយឧបករណ៍ហៅកាត់ថា VIMS បំពាក់នៅលើយាន Cassini។ រូបភាពទាំងនេះបានអនុញ្ញាតឲ្យយើងមើលឃើញផ្ទៃរបស់ Titan ក្នុងទិដ្ឋភាពយ៉ាងលម្អិត មិនធ្លាប់មាននោះឡើយ ពីព្រោះថាកាលពីពេលមុនៗ ដោយសារតែបរិយាកាសដ៏ក្រាស់របស់ Titan មើលទៅគឺដូចបាល់ព្រាលពណ៌ទឹកក្រូចមួយប៉ុណ្ណោះ។
នាពេលអនាគត បេសកកម្មឈ្មោះថា Dragonfly អាចនឹងទៅធ្វើការរុករកលើផ្ទៃនៃព្រះច័ន្ទយក្សនេះ និងស្ទាបស្ទង់លើលទ្ធភាពរបស់វា ដើម្បីទ្រទ្រង់ជីវិត តាមរយៈការប្រើប្រាស់ឧទ្ធម្ភាគចក្រខ្នាតតូចមួយ។ គម្រោង Dragonfly ស្ថិតក្នុងចំណោមជម្រើសចុងក្រោយចំនួនពីរ គឺរួមជាមួយបេសកកម្មមួយទៀត ទាក់ទិននឹងការប្រមូលគំរូតាងពីអាចម៍ផ្កាយដុះកន្ទុយ សម្រាប់បេសកកម្ម New Frontier បន្ទាប់ទៀតរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ហើយ NASA គ្រោងនឹងប្រកាសអ្នកឈ្នះនៅឆ្នាំ២០១៩ ហើយចាប់ផ្តើមបេសកកម្មនៅឆ្នាំ២០២៥។
គួរជម្រាបថា បេសកកម្មតម្លៃ ៣.២ពាន់លានដុល្លារ Cassini ដែលជាគម្រោងរួមគ្នារវាង NASA ទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសអ៊ីតាលីបានចាប់ផ្តើមកាលពីឆ្នាំ២០១៧ និងទៅដល់ភពសៅរ៍នៅពាក់កណ្តាលឆ្នាំ២០០៤។ យាន Cassini បានហោះឆ្វែលប្រព័ន្ធភពឧស្ម័នយក្សនេះអស់រយៈពេល ១៣ឆ្នាំ។ ក្នុងនោះយានឈ្មោះថា Huygens ក៏បានរួមដំណើរទៅជាមួយគ្នាផងដែរ ដោយវាបានចុះទៅដល់ព្រះច័ន្ទ Titan កាលពីខែមករា ឆ្នាំ២០០៥។
បេសកកម្មដ៏អស្ចារ្យនេះ បានឈានចូលដល់ទីបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០១៧ តាមរយៈការទម្លាក់ខ្លួនកម្ទេចចោលរបស់ Cassini ទៅក្នុងភពសៅរ៍ ដើម្បីបង្ការកុំឲ្យមានការបំពុលដល់ Titan ឬព្រះច័ន្ទដទៃទៀតៗដូចជា Enceladus ដែលអាចមានលទ្ធភាពទ្រទ្រង់ជីវិតបាន ជាមួយពពួកមីក្រុបដែលនាំយកទៅពីផែនដី៕