(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ហ្សាដាដ ហ្សារីហ្វ (Mohammad Javad Zarif) បានអង្អុលមុខសហរដ្ឋអាមេរិកចំៗថា ជាមេបង្កអស្ថេរភាពដល់សន្តិភាពពិភពលោក តាមរយៈការលក់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់ ទៅកាន់តំបន់ជម្លោះ ជាពិសេសគឺតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។
លោក Zarif ធ្វើការកត់សម្គាល់បែបនេះនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Zarif បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបាននិងកំពុងបង្កអស្ថេរភាពនៅទូទាំងពិភពលោក តាមរយៈការលក់អាវុធ ដើម្បីប្រមូលលុយយកទៅប្រើបា្រស់ សម្រាប់អនាគតដ៏ភ្លឺស្វាង... បើទោះជាខ្លួនបរាជ័យក្នុងការការពារអាយុជីវិតប្រជាជនខ្លួនឯងពីគ្រាប់កាំភ្លើងក៏ដោយ»។
គួរជម្រាបថា លោក Zarif ក៏បានចោទប្រកាន់ផងដែរថា សហរដ្ឋអាមេរិក កំពុងលក់អាវុធទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងចេតនាចិញ្ចឹមជម្លោះ។ ការលើកឡើងបែបនេះរបស់លោកទៀតសោត គឺជាប្រតិកម្មតបទៅនឹងរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្កុកហូម (Stockholm International Peace Research Institute) ដែលបានបង្ហាញថា សហរដ្ឋអាមេរិកនាំមុខគេខាងលក់អាវុធនៅលើពិភពលោក ហើយក្នុងនោះ ៤៩ភាគរយ នៃអាវុធត្រូវបានទីក្រុងវ៉ាស៊ីនតោន លក់ឱ្យបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា៕