(ដាម៉ាស់)៖ នាដើម​សប្តាហ៍នេះ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី បានដណ្តើម​កាន់កាប់តំបន់ទីទួល​យុទ្ធសាស្រ្ត​​ដ៏អំណោយផល​បំផុតមួយ នៅ​ភាគ​ពាយ័ព្យ​ខេត្តដារ៉ាអា (Daraa) ភាគខាងត្បូង​ប្រទេសស៊ីរី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

កងកម្លាំងរដ្ឋាភិបាល​ស៊ីរី​ត្រូវគេ​រាយការណ៍​ថា បានចូលគ្រប់គ្រង​ក្រុង អាល់ហារ៉ាហ៍ (Al-Harrah) និងទីទួលដែលមានឈ្មោះដូចគ្នានេះ នៅភាគ​​ពាយ័ព្យនៃខេត្ត Daraa ខណៈអង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី ក៏បានធ្វើ​សេចក្តីរាយការណ៍​ពីវឌ្ឍនភាព​គួរឲ្យកត់​សម្គាល់ ដែលសម្រេច​​បានដោយ​​យោធា​ស៊ីរី នៅក្នុងខេត្ត Daraa ផងដែរ។

កងទ័ពស៊ីរី​ត្រូវគេអះអាងថា បានចូលទៅក្នុង​ទីក្រុងខាងលើ តាមរយៈការផ្សះផ្សា​គ្នាជាមួយក្រុម​ឧទ្ទាម ដែលស្ថានការណ៍​វិវឌ្ឍន៍នេះ អាចត្រូវ​ចាត់ទុកថា ជាជោគជ័យដ៏សំខាន់មួយ ដោយសារតែសារ​សំខាន់ផ្នែក​យុទ្ធសាស្រ្ត នៃក្រុង​ភាគខាងត្បូង​នេះ រួមជាមួយទីទួល​​ដ៏អំណោយផល​របស់វា។

កិច្ចព្រមព្រៀង​នៃការផ្សះផ្សា​ទៀតសោត តម្រូវឲ្យក្រុម​ឧទ្ទាម​ប្រគល់សព្វាវុធ​របស់ខ្លួន មកឲ្យកងកម្លាំង​រដ្ឋាភិបាល ហើយបើកផ្លូវឲ្យ​​កងទ័ព​ស៊ីរីចូលទៅក្នុងក្រុង និងអនុញ្ញាតឲ្យ​សមាជិកទាំងឡាយ​នៃក្រុមឧទ្ទាម ដែលមិនព្រម​ដកថយទៅកាន់តំបន់កាន់​កាប់ដោយ​ក្រុម​ឧទ្ទាម នៅភាគ​ខាងជើង​ស៊ីរី ដើរចេញ​តាម​សម្រួល។

គួរជម្រាបថា តំបន់យុទ្ធសាស្រ្ត​នេះ នៅមុនពេលធ្លាក់ក្រោមកណ្តាប់​ដៃរបស់​ក្រុមឧទ្ទាម កាលពី​ឆ្នាំ២០១៤ វាធ្លាប់ជាបន្ទាយ​យុទ្ធសាស្រ្ត​ដ៏​សំខាន់មួយ​​របស់​រដ្ឋាភិបាលស៊ីរី នៅភាគ​ខាងត្បូង​ប្រទេស៕