Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិន ធ្វើដំណើរទៅដល់អេមីរ៉ាត់អារ៉ាប់រួមហើយ ជាដំណើរទស្សនកិច្ចផ្លូវការ ដោយមេដឹកនាំចិន ក្នុងរយៈពេល២៩ឆ្នាំ

20-07-2018 00:04

(អេមីរ៉ាត់អារ៉ាប់រួម)៖ ប្រធានាធិបតីចិន លោក Xi Jinping បានធ្វើដំណើរទៅដល់ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមហើយ នៅថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ទៅកាន់ប្រទេស ជាប់ឈូងសមុទ្រ Gulf មួយនេះ, នេះបើយោងតាមសារព័ត៌មាន CGTN បានចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៩​ ខែកក្កដានេះ។

​នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូង ដែលបានធ្វើឡើងដោយ មេដឹកនាំ​របស់ចិន ទៅកាន់អេមីរ៉ាត់អារ៉ាប់រួម សម្រាប់រយៈពេល២៩ឆ្នាំ កន្លងទៅនេះ។

​លោក Xi នឹងធ្វើជំនួប​ជាមួយនឹងព្រះអង្គម្ចាស់ Abu Dhabi Sheikh Mohamed bin Zayed Al Nahyan និងលោក Sheikh Mohammed Bin Rashid Al Maktoum អនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី អេមីរ៉ាត់អារ៉ាប់រួមផងដែរ។ ភាគីទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើប្រធានបទ ដែលបម្រើផលប្រយោជន៍ ឲ្យប្រទេសទាំងពីរ ក្នុងនោះរួមទាំងកិច្ចសហប្រតិបត្តិការថាមពល, សមត្ថភាពផលិតកម្ម និងវិស័យផ្សេងទៀត ព្រមទាំង ការអាចរួមគ្នា កសាងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ចិនផងដែរ។

គួរជម្រាបថា បន្ទាប់ពីអេមីរ៉ាត់អារ៉ាប់រួម, លោក Xi នឹងបន្តដំណើរទស្សនកិច្ច ទៅកាន់ទ្វីបអាហ្រ្វិក ដូចជាប្រទេសសេណេហ្គាល់, រវ៉ាន់ដា និងប្រទេសអាហ្រ្វិកខាងត្បូង ជាកន្លែងដែលលោក គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១០ ដែលនឹងធ្វើឡើង នៅរដ្ឋធានី Johannesburg របស់អាហ្រ្វិកខាងត្បូង ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកក្កដា។

​លោក Xi ក៏នឹងអញ្ជើញបំពេញដំណើរទស្សនកិច្ច ជាមិត្តភាព ទៅកាន់ប្រទេសម៉ូរីសផងដែរ នៅអំឡុងពេល ឈប់សំចត ក្នុងដំណើររបស់លោក ត្រឡប់ទៅកាន់ រដ្ឋធានីប៉េកាំងវិញ៕