(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមាន ទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍
រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ តុលារការកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចថា រដ្ឋាភិបាលទីក្រុងសេអ៊ូល និងក្រុមហ៊ុនជាម្ចាស់សាឡង់ដឹកអ្នកដំណើរ Sewol ដែលបានក្រឡាប់លិចកាលពីឆ្នាំ២០១៤ និងសម្លាប់មនុស្សច្រើនជាង ៣០០នាក់ ភាគច្រើនជាសិស្សសាលា ត្រូវផ្ដល់សំណង ២១២,០០០ដុល្លារ ដល់គ្រួសារជនរងគ្រោះនីមួយៗ៕
២៖ ក្រុមអ្នកស្រាវជ្រាវអាមេរិក នៅឯវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាស្សាឈូសេត (MIT) បានឲ្យដឹងថា បរិមាណនៃត្បូងពេជ្រដែលកប់នៅក្រោមផ្ទៃផែនដី គឺច្រើនជាងការប៉ាន់ស្មានដល់ទៅ ១,០០០ដងឯណោះ ប៉ុន្តែពួកវាទាំងនោះ ទំនងជាគ្មានឱកាសអាចឃើញពន្លឺថ្ងៃ ឬក៏បង្ហាញខ្លួននៅតាមហាងគ្រឿងអលង្កាឡើយ៕
៣៖ មេប៉ូលិសម៉ាឡេស៊ីលោក ម៉ូដ ហ្វូហ្ស៊ី ហារូន (Mohd Fuzi Harun) បានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចបានចាប់ខ្លួន ជនសង្ស័យជាភេរវករចំនួន ០៧នាក់ ក្នុងនោះរួមមានបុរសគ្មានការងារធ្វើម្នាក់ផងដែរ ដែលថ្លើមធំពាសមេឃហ៊ានគំរាមធ្វើគត់ព្រះមហាក្សត្រ និងសម្លាប់នាយករដ្ឋមន្រ្តីលោក ម៉ាហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) ព្រមទាំងរដ្ឋមន្រ្តីម៉ាឡេស៊ីមួយរូប៕
៤៖ ក្រុមអ្នកស្រាវជ្រាវចិនបានឲ្យដឹងថា ទីជម្រកនៃពូជសត្វខ្លារខិនទឹកកកដ៏កម្រ កំពុងរីកធំឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពួកវា ត្រូវបានគេប្រទះឃើញនៅតាមតំបន់កាន់តែច្រើនថែមទៀត នៅក្នុងប្រទេសចិន៕
៥៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ស្ត្រីជនជាតិរុស្ស៊ីម្នាក់ឈ្មោះនាង ម៉ារៀ ប៊ូទីណា (Maria Butina) ដែលត្រូវបានគេចោទពីបទជ្រៀតជ្រែកក្នុងកិច្ចការនយោបាយរបស់សហរដ្ឋអាមេរិក បានលះបង់ព្រហ្មចារីរបស់ខ្លួនឱ្យបុរសជនជាតិអាមេរិកម្នាក់ ជាថ្នូរ នឹងការទទួលបានការងារនៅក្នុងអង្គការមួយដែលដាក់ជាគោលដៅ៕
៦៖ បុរសជន ១៧នាក់ ត្រូវបានតុលារការឥណ្ឌាចោទប្រកាន់ជាផ្លូវការហើយ ពីបទរំលោភផ្លូវភេទលើក្មេងស្រីម្នាក់អាយុ ១១ឆ្នាំ នៅក្នុងទីក្រុងជិនណៃ (Chennai)៕