(ស៊ូវ៉ា)៖ ផ្លូវធ្វើដំណើរទំាងអស់ឆ្ពោះទៅកាន់ភាគខាងលិចកោះ អាំប៊ែរ (Ambae) នៃប្រទេសដែនកោះ វ៉ានួទូ (Vanuatu) ជាទីដែលភ្នំភ្លើង មែណូរ៉ូ (Manoro) បានផ្ទុះតាំងតែពីឆ្នាំមុន បានទទួលរងការខូតខាតយ៉ាងដំណំ និងត្រូវកាត់ផ្ដាច់ដោយសារតែល្បាប់ភក់ដ៏ធំសម្បើម។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
សារព័ត៌មាន Vanuatu's Daily Post បានឱ្យដឹងថា បច្ចុប្បន្នគេអាចធ្វើដំណើរទៅកាន់កោះ Ambae តាមផ្លូវសមុទ្រ និងផ្លូវអាកាសតែប៉ុណ្ណោះ បន្ទាប់ពីផ្លូវគោកទាំងអស់ត្រូវកាត់ផ្ដាច់ដោយសារតែល្បាប់ភក់ បង្កឡើងដោយភ្នំភ្លើង Manoro។
ភ្នំភ្លើងមួយនេះគឺជាភ្នំភ្លើងដ៏ធំ និងសកម្មបំផុតរបស់ប្រទេសដែនកោះ Vanuatu ដែលស្ថិតនៅដែនសមុត្រប៉ាស៊ីហ្វិកភាគនិរតី ក្បែរៗនឹងដែនកោះសូឡូម៉ុន ដោយវាបានផ្ទុះកាលពីឆ្នាំមុន ជាមួយនឹងការបញ្ចេញផេះ និងបង្កើតជាភ្លៀងអាស៊ីត រហូតដល់បង្ខំឱ្យប្រជាជនជាច្រើន រត់ភៀសខ្លួនចេញពីផ្ទះសម្បែង។
គួរបញ្ជាក់ថា សកម្មភាពផ្ទុះរបស់ភ្នំភ្លើង Manoro បានកើតឡើងជាបីដំណាក់កាល ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។ ម្យ៉ាងវិញទៀតនៅដំណាក់កាលទី ៣ រាប់ចាប់ពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០១៨ ភ្នំភ្លើងនេះបានផ្ទុះជាថ្មីដោយបញ្ចេញផេះ និងបង្កឱ្យមានល្បាប់ភក់នៅទូទាំងកោះ Ambae ព្រមទាំងបង្កការខូចខាតធ្ងន់ធ្ងរ ដល់សុខភាពរបស់ប្រជាជននៅលើកោះនេះផងដែរ ខណៈមនុស្ស ១១,០០០នាក់ អាចស្ម័គ្រចិត្តទៅរស់នៅបណ្ដោះអាសន្ននៅឯកោះមែវូ (Maewo) ដែលនៅក្បែរខាង៕