(គូឡាឡាំពួ)៖ យន្តហោះ​ដឹកអ្នកដំណើរមួយ​គ្រឿង​ របស់អាកាសចរណ៍​ម៉ាឡេស៊ី ដែលមានគោលដៅ​ចេញពី​ទីក្រុង ប្រ៊ីសប៊ែន (Brisbane) នៃ​ប្រទេស​អូស្រ្តាលី ឆ្ពោះមកកាន់​រដ្ឋធានីគូឡាឡាំពួ នៃប្រទេស​ម៉េឡេស៊ីនោះ ត្រូវបានបង្ខំ​ឲ្យបកក្បាល​យន្តហោះត្រឡប់​ក្រោយវិញ ដោយសារតែជួបបញ្ហាបច្ចេកទេស ដែលមិនទាន់​មានការបញ្ជាក់។ នេះបើតាម​ការបញ្ជាក់ពីក្រុមហ៊ុន​អាកាសចរណ៍​ផ្ទាល់ ដកស្រង់ខ្លឹមសារ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងសេចក្តី​ថ្លែងការណ៍​ខាងលើ ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​របស់​ម៉ាឡេស៊ី​បាន​បញ្ជាក់ថា ជើងហោះហើរ​លេខ MH134 របស់​ខ្លួន ដែលបាន​ហោះចេញមកពី​អាកាសយានដ្ឋាន​អន្តរជាតិ Brisbane កាលពីយប់​ថ្ងៃពុធ​សប្តាហ៍​នេះ (ពេល​វេលា​ក្នុងតំបន់) ​ដើម្បីឆ្ពោះ​មក​កាន់​ទីក្រុង​គូឡាឡាំពួ បានបកក្បាល​ត្រឡប់ក្រោយ​នៅលើ​ផ្ទៃអាកាសទៅកាន់​ទីក្រុង Brisbane វិញ។

គួរជម្រាបថា មូលហេតុ​ដែលបានបង្កឲ្យ​មានរឿងហេតុ​ដូចខាងលើ គឺពុំត្រូវបាន​អាកាសចរណ៍​ម៉ាឡេស៊ី បញ្ជាក់លម្អិត​នោះឡើយ​គ្រាន់​តែប្រាប់ថា វាជាបញ្ហា​ផ្នែក​បច្ចេកទេស ដែលកើត​មានក្រោយការហោះឡើង​ចេញពីព្រលាន​យន្តហោះ។ ដោយសារ​តែ​សុវត្ថិភាព​ និងអ្នកដំណើរ ព្រមទាំងអ្នកបម្រើការលើយន្តហោះ មានសារ​សំខាន់លើស​អ្វីៗបំផុតនោះ ក្រុម​អាកាសយានិក ក៏បានសម្រេច​ចិត្ត​វិលត្រឡប់​​ទៅ Brisbane វិញ។ ជើងហោះហើរ MH134 បានត្រឡប់ទៅចុះចត​នៅអាកាសយានដ្ឋាន​អន្តរជាតិ Brisbane វិញដោយ​​សុវត្ថិភាព ហើយ​យន្តហោះកំពុងស្ថិត​ក្រោមការត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស និងការ​ជួសជុល​កែតម្រូវ៕