(ប៉េកាំង)៖ ក្រុមអ្នកស្រាវជ្រាវចិនបានឲ្យដឹងថា ទីជម្រកនៃពូជសត្វខ្លារខិនទឹកកកដ៏កម្រ កំពុងរីកធំឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពួកវា ត្រូវបានគេប្រទះឃើញនៅតាមតំបន់កាន់តែច្រើនថែមទៀត នៅក្នុងប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
ការរកឃើញថ្មីនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ ក្នុងឱកាសនៃការបើកវេទិកាស្តីពីការគាំពារសត្វខ្លារខិនទឹកកក ដែលប្រារព្ធឡើងនៅខេត្ត គីងហៃ (Qinghai) ភាគពាយ័ព្យប្រទេសចិន។ ចំនួនសត្វខ្លារខិនទឹកកកនេះ នៅក្នុងតំបន់អភិរក្ស សានជាំងយាន (Sanjiangyuan) នៃខេត្ត Qinghai ត្រូវគេបាន់ប្រមាណថា មានលើសពី ១,០០០ក្បាល ហើយតំបន់ឧទ្យានធម្មជាតិនេះ បានក្លាយជាទីជម្រកស្នូលដ៏ធំសម្រាប់ពួកវា។
គួរជម្រាបថា សត្វខ្លារខិនទឹកកកនេះ គឺជាប្រភេទសត្វស្ថិតក្រោមការគាំពារកម្រិតខ្ពស់ នៅប្រទេសចិន ហើយសហភាពអភិរក្សធម្មជាតិអន្តជាតិ បានចាត់ថា្នក់ពួកវាថាជាសត្វជិតផុតពូជ និងងាយរងគ្រោះ៕