(អង់ការ៉ា)៖ ទីបំផុតការដាក់ប្រទេសក្នុងគ្រាអាសន្ន (State of Emergency) របស់ប្រទេសតួកគី ដែលត្រូវបានដាក់នៅក្រោយការធ្វើរដ្ឋប្រហារបរាជ័យ កាលពីខែកក្កដា ឆ្នាំ២០១៦នោះ បានឈានចូលដល់ទីបញ្ចប់ហើយនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានប្រកាសប្រើប្រាស់ច្បាប់ពេលគ្រាមានអាសន្ន (State of Emergency) នៅទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺនៅ ០៥ថ្ងៃ ក្រោយពីកងយន្តហោះចម្បាំង បានទម្លាក់គ្រាប់បែកនៅលើរដ្ឋធានីអង់ការ៉ា ហើយការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដោយហេតុការណ៍ទាំងនោះ បានផ្តាច់ជីវិតមនុស្សជាច្រើននាក់។
គួរជម្រាបថា ការបញ្ចប់ State of Emergency ត្រូវបានសន្យាដោយលោក Erdogan ផ្ទាល់នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក នៅមុនជ័យជម្នះរបស់ប្រធានាធិបតីតួកគីរូបនេះ ក្នុងការបោះឆ្នោតកាលពីខែមិថុនា ដែលក្រុមប្រឆាំងបានអះអាងថា ជាការបើកផ្លូវឲ្យលោក អឺដូហ្គាន់ រុកគួនអ្នកប្រឆាំងរដ្ឋាភិបាលលោកកាន់តែខ្លាំងក្លាជាងមុនទៀត៕