(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជាក់គោលជំហរដដែលៗថា ពុំមានការកំណត់ពេលវេលា សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៃប្រទេសកូរ៉េខាងជើងនោះឡើយ។ នេះបើតាមការបញ្ជាក់ជាថ្មីទៀត ពីក្រសួងការបរទេសអាមេរិក ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
ការបញ្ជាក់អះអាងម្តងទៀតដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធ ណើត (Heather Nauert) នេះគឺស្របទៅនឹងអ្វីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនាប៉ុន្មានថ្ងៃមុននេះ ទាក់ទិននឹងពេលវេលាកំណត់ ព្រមទាំងល្បឿន នៃកិច្ចចរចានុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងព្យុងយ៉ាង។
គួររំលឹកថា ការព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ត្រូវបានធ្វើឡើងនៅក្នុងជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងលោក ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីពាក់កណ្តាលខែមិថុនានៅឯប្រទេសសិង្ហបុរី ហើយអ្វីដែលកំពុងចេញជាផ្លែផ្កាមុនគេនោះ គឺការព្រមប្រគល់អដ្ឋិធាតុទាហានអាមេរិក ដែលកូរ៉េខាងជើងធ្វើឡើងជានាពេលឆាប់ៗនេះ៕