(គូឡាឡាំពួ)៖ មេប៉ូលិសម៉ាឡេស៊ីលោក ម៉ូដ ហ្វូហ្ស៊ី ហារូន (Mohd Fuzi Harun) បានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជាភេរវករចំនួន ០៧នាក់ ក្នុងនោះរួមមានបុរសគ្មានការងារធ្វើម្នាក់ផងដែរ ដែលថ្លើមធំពាសមេឃហ៊ានគំរាមធ្វើគត់ព្រះមហាក្សត្រ និងសម្លាប់នាយករដ្ឋមន្រ្តីលោក ម៉ាហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) ព្រមទាំងរដ្ឋមន្រ្តីម៉ាឡេស៊ីមួយរូប។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
ជនសង្ស័យខាងលើរួមមានជនជាតិម៉ាឡេស៊ី ០៤នាក់ និងឥណ្ឌូណេស៊ី ០៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកកាលពីចន្លោះថ្ងៃទី១២ និងទី១៧ ខែកក្កដា នៅរដ្ឋតេរេងហ្គានូ (Terengganu), សេឡាំងហ្គ័រ (Selangor), ភែរ៉ាក់ (Perak), និងចូហ័រ (Johor)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការចាប់ខ្លួនអ្នកគាំទ្រម្នាក់របស់ក្រុមភេរវករ ISIS នៅរដ្ឋ Johor ដែលមានពាក់ព័ន្ធក្នុងការប្រកាសសារប្រមាថលើព្រះជន្មព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរបស់ប្រទេសម៉ាឡេស៊ី។
គួរជម្រាបថា យោងតាមលោក Fuzi បុរសដែលថ្លើមធំពាសមេឃនេះ បានបង្ហោះសារលើបណ្តាញ Facebook ដោយគំរាមធ្វើគតព្រះចៅ ស៊ុលតង់ មូហាម៉េដទី ៥ Sultan Muhammad V ព្រមទាំងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) ព្រមទាំងរដ្ឋមន្រ្តីម្នាក់ឈ្មោះ មូចាហ៊ីដ យូសូហ្វ រ៉ាវ៉ា (Mujahid Yusof Rawa)៕