(តេហរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានទទួលសំណើចំនួន ០៨ ស្ដីពីការរៀបចំកិច្ចប្រជុំកំពូលមួយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមលោក Mahmoud Vaezi ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
លោក ម៉ាហ៍មួដ វែស៊ី (Mahmoud Vaezi) ជាប្រធានបុគ្គលិក នៃវិមានប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាក់ប្រាប់សារព័ត៌មាននៅក្នុងស្រុក នៅថ្ងៃពុធសប្ដាហ៍នេះថា សំណើរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងនៅអំឡុង នៃដំណើទស្សនកិច្ចរបស់លោក រូហានី ក្នុងទីក្រុងញូយ៉ក ដើម្បីចូលរួមកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែព្រមពេលជាមួយគ្នា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រូបនេះមិនបានបញ្ជាក់លម្អិតពីចម្លើយតបរបស់លោក រូហានី នោះទេ។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៣ លោក រូហានី និងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានជជែកគ្នាតាមទូរស័ព្ទ នាឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៦៨ ហើយនេះគឺជាការទាក់ទងកំរិតខ្ពស់បំផុតមួយរវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងរយៈពេលច្រើនជាងបីទសវត្សរ៍៕