(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស្រាវជ្រាវអាមេរិក នៅឯវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាស្សាឈូសេត (MIT) បានឲ្យដឹងថា បរិមាណនៃត្បូងពេជ្រដែលកប់នៅក្រោមផ្ទៃផែនដី គឺច្រើនជាងការប៉ាន់ស្មានដល់ទៅ ១,០០០ដងឯណោះ ប៉ុន្តែពួកវាទាំងនោះ ទំនងជាគ្មានឱកាសអាចឃើញពន្លឺថ្ងៃ ឬក៏បង្ហាញខ្លួននៅតាមហាងគ្រឿងអលង្កាឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
វត្ថុដ៏មានតម្លៃដែលកកើតឡើងដោយធម្មជាតិទាំងនេះ ស្ថិតនៅក្នុងជម្រៅយ៉ាងជ្រៅ ដែលពុំធ្លាប់មានប្រតិបត្តិការខួងដីណាមួយ រុលទៅដល់នោះឡើយ គឺនៅជម្រៅប្រហែល ១៤៥គីឡូម៉ែត្រ ទៅ ២៤០គីឡូម៉ែត្រ ពីផ្ទៃខាងលើនៃភពរបស់យើង។ អ្នកស្រាវជ្រាវនៅ MIT បានឲ្យបញ្ជាក់ថា ទោះបីជាយើងមិនអាចយកត្បូងពេជ្រទាំងនោះ ចេញមកបានក៏ដោយ ប៉ុន្តែបរិមាណរបស់វា គឺច្រើនខ្លាំងជាងអ្វីដែលយើងធ្លាប់បានគិត គឺ១,០០០ដង លើសពីអ្វីដែលយើងធ្លាប់ស្មានកាលពីមុន។
ការរកឃើញនេះត្រូវបានធ្វើឡើង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមួយ ដែលវិភាគទៅលើរបៀបដែលរលកសំឡេង ធ្វើដំណើរឆ្លងកាត់ផ្ទៃផែនដី។ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញបរិមាណដ៏ច្រើនលើសលប់ នៃកំណប់ដ៏មានតម្លៃនេះ នៅក្នុងប្រភេទថ្មដែលគេហៅថា Cratonic ដែលមានរាងដូចភ្នំដែលដាំក្បាលចុះក្រោម ចាក់ស្រេះពីស្រទាប់ខាងលើឆ្ពោះទៅរកស្នូលផែនដី។
គម្រោងខាងលើបានចាប់ផ្តើមឡើង ដោយសារតែក្រុមអ្នកវិទ្យាសាស្រ្តមានការងឿងឆ្ងល់ ដោយសារលទ្ធផលសង្កេតដែលថា រលកសំឡេងហាក់ត្រូវបានបង្កើនល្បឿនគួរឲ្យកត់សម្គាល់ នៅពេលឆ្លងកាត់ថ្មបុរាណទាំងនេះ។ ដូច្នេះហើយពួកគេបានបង្កើតក្រុមថ្មសិប្បនិម្មិត ដែលផ្សំឡើងពីសារធាតុរ៉ែជាច្រើនខុសៗគ្នា ដើម្បីគណនាល្បឿនដែលរលកសំឡេង ធ្វើដំណើរឆ្លងកាត់ពួកវា។ ក្នុងការពិសោធន៍នេះ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា មានតែប្រភេទថ្មដែលផ្ទុកពេជ្រប៉ុណ្ណោះ ដែលត្រូវជាមួយល្បឿនដែលពួកគេរកឃើញនៅក្នុងថ្ម Cratonic។