(ញូដេលី)៖ បុរសជន ១៧នាក់ ត្រូវបានតុលារការឥណ្ឌាចោទប្រកាន់ជាផ្លូវការហើយ ពីបទរំលោភផ្លូវភេទលើក្មេងស្រីម្នាក់អាយុ ១១ឆ្នាំ នៅក្នុងទីក្រុងជិនណៃ (Chennai)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ ប៉ូលិលឥណ្ឌាបានឱ្យដឹងទៀតថា ក្មេងត្រូវខាងលើត្រូវបានគេរំលោភបំពានផ្លូវតាំងតែពីដើមឆ្នាំ២០១៨ មកម្ល៉េះ ហើយជនល្មើសចម្បងម្នាក់គឺជាអ្នកបម្រើការងារនៅក្នុងប្លុកអាផាតមិន ដែលក្មេងស្រីរងគ្រោះរស់នៅ។ ជនល្មើសរូបនេះត្រូវបានចោទប្រកាន់ថា បានដាក់ថ្នាំសន្ដំក្មេងស្រី ហើយបានហៅបុរសជាច្រើននាក់ទៀត ចូលរួមក្នុងសកម្មភាពរំលោភលើរូបនាង ដែលជាទង្វើមួយបង្កជាការខឹងសម្បារយ៉ាងខ្លាំង ក្នុងចំណោមប្រជាជនឥណ្ឌាទាំងឡាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ តុលាការក្នុងទីក្រុង Chennai បានចោទប្រកាន់មនុស្ស ១៧នាក់ ពីបទរំលោភលើអនិតិជន និងបង្គាប់ ឱ្យឃុំខ្លួនអ្នកទាំងនេះ។ បន្ថែមពីលើនេះ បើតាមប៉ូលិសឥណ្ឌា ក្មេងស្រីរងគ្រោះ ក៏បានបញ្ជាក់អត្តសញ្ញាណជនជាប់ចោទទាំងអស់ផងដែរ ដោយក្នុងនោះមានទាំងឆ្មំាសន្តិសុខ ជាងអគ្គិសនី និងជាងទឹក ខណៈមនុស្ស ០៤នាក់ ក្នុងចំណោមពួកគេបានសារភាពពីទោសកំហុស៕