(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ស្ត្រីជនជាតិរុស្ស៊ីម្នាក់ឈ្មោះនាង ម៉ារៀ ប៊ូទីណា (Maria Butina) ដែលត្រូវបានគេចោទពីបទជ្រៀតជ្រែកក្នុងកិច្ចការនយោបាយរបស់សហរដ្ឋអាមេរិក បានលះបង់ព្រហ្មចារីរបស់ខ្លួនឱ្យបុរសជនជាតិអាមេរិកម្នាក់ ជាថ្នូរ នឹងការទទួលបានការងារនៅក្នុងអង្គការមួយដែលដាក់ជាគោលដៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
នាង ម៉ារៀ ប៊ូទីណា (Maria Butina) អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាទីដែលរូបនាងស្នាក់នៅ ដោយអាជ្ញាធរអាមេរិកចោទថា នាងបានធ្វើសកម្មភាពក្នុងនាមជាទីភ្នាក់ងាររុស្ស៊ី តាមរយៈការអភិវឌ្ឍទំនាក់ទំនងជាមួយប្រជាជនអាមេរិក និងអង្គការនានាដែលមានឥទ្ធិពលលើនយោបាយអាមេរិក។ មួយវិញទៀតសំណុំរឿងនេះ មិនមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការចោទប្រកាន់ថា រុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ នោះទេ តែបើសិនជាគេរកឃើញទោសកំហុស ដូចការចោទប្រកាន់មែន នោះរូបនាងនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ ០៥ឆ្នាំ។
ក៏ប៉ុន្តែឯកសារមួយដាក់ជូនតុលាការអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា នាង ប៊ូទីណា ធ្លាប់បានរស់នៅជាមួយបុរសជនជាតិអាមេរិកម្នាក់អាយុ ៥៦ឆ្នាំ ដែលមានឈ្មោះនៅក្នុងឯកសារនោះថា US Person 1។ មិនតែប៉ុណ្ណោះ ឯកសារនេះដដែលក៏បានឱ្យដឹងដែរថា ប៊ូទីណា (Maria Butina) បានលះបង់ព្រហ្មចារីរបស់ខ្លួនឱ្យបុរស US Person 1 នេះជាថ្នូរនឹងការទទួល បានការងារនៅក្នុងអង្គការមួយ ដែលដាក់ជាគោលដៅ។
គួរបញ្ជាក់ថា នៅក្នុងឯកសារខាងលើមិនបានបញ្ជាក់ពីឈ្មោះអង្គការមានជាប់ពាក់ព័ន្ធនឹងករណីនេះឡើយ។ ប៉ុន្តែនាង ប៊ូទីណា តែងតែបង្ហោះរូបភាពជាញឹកញប់ នៅក្នុងពិធី ឬព្រឹត្តិការណ៍របស់សមាគមកំាភ្លើងអាមេរិក National Rifle Association (NRA)៕