(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍
រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទឹកជំនន់យ៉ាងគំហុកបានវាយប្រហារប្រទេសម៉ុងហ្គោលី និងផ្តាច់ជីវិតមនុស្សសរុប ៤៨នាក់ ស្ថិតនៅក្នុងខេត្តបាយ៉ានអ៊ុលហ្គីអ៊ិ (Bayan-Ulgii) ភាគខាងលិច ខណៈប្រជាជនប្រមាណជាង ២,៥០០នាក់ កំពុងរងផលប៉ះពាល់៕
២៖ យ៉ាងហោចណាស់មនុស្ស ០៣នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដ៏កម្រកើតមានឡើងមួយ នោះគឺយន្តហោះខ្នាតតូច ពីរគ្រឿង បានបុកគ្នានៅកណ្តាលអាកាសតែម្តង ស្ថិតនៅក្នុងតំបន់អេវើក្លាដែស (Everglades) ភាគខាងត្បូងទីក្រុង ម៉ៃអាមី នៃរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក៕
៣៖ អង្គការ NASA បានឲ្យដឹងថា យានអវកាស Dawn របស់ខ្លួនកំពុងឈានជិតដល់ពេលវេលាចុងក្រោយ របស់វាមែនទែនហើយ ក្នុងការបំពេញបេសកកម្មរយៈពេលប្រមាណ ១១ឆ្នាំ នៅទីអវកាស ដោយសារតែការជិតអស់ឥន្ធនៈ៕
៤៖ ឧទ្ធម្ភាគចក្រមួយគ្រឿងផ្ទុកមនុស្សសរុប ០៤នាក់ បានធ្លាក់នៅខេត្តខនកែន ភាគឦសានប្រទេសថៃនៅក្នុងថ្ងៃពុធនេះតែម្តង នាំឲ្យអ្នកជិះនៅលើនោះទាំងអស់បាត់បង់ជីវិត៕
៥៖ ការបន្តផ្ទុះជះកម្អែរភ្លើងឥតស្រាកស្រាន្តរបស់ភ្នំកាឡូអៀ (Kilauea) នៃរដ្ឋហាវ៉ៃ បានផ្តល់កំណើតដល់កូនកោះថ្មីតូចមួយ នៅក្បែរនឹងមាត់ឆ្នេរ ដែលក្រោយមកក៏បានរលាយបាត់ទៅវិញ៕
៦៖ ក្រសួងការពារជាតិអាមេរិក បានស្នើឱ្យសភាទម្លាក់កញ្ចប់ថវិកាជាង ២០លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍ «អាវុធដែលអាចវាយប្រហារ លឿនជាងសំឡេងរបស់វា ០៥ដង» សម្រាប់បំពាក់ឱ្យកងទ័ពអាកាសអាមេរិក៕