(អ៊ូឡានបាទ័រ)៖ ទឹកជំនន់យ៉ាងគំហុកបានវាយប្រហារប្រទេសម៉ុងហ្គោលី និងផ្តាច់ជីវិតមនុស្សសរុប ៤៨នាក់ ស្ថិតនៅក្នុងខេត្តបាយ៉ានអ៊ុលហ្គីអ៊ិ (Bayan-Ulgii) ភាគខាងលិច ខណៈប្រជាជនប្រមាណជាង ២,៥០០នាក់ កំពុងរងផលប៉ះពាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ជុំវិញគ្រោះមហន្តរាយធម្មជាតិខាងលើនេះ អនុប្រធានទីភ្នាក់ងារចាត់ចែងពេលគ្រាមានអាសន្នរបស់ជាតិ (NEMA) លោក ហ្គោបូចាវ អារៀនប៊ូយ៉ាន (Gombojav Ariunbuyan) បានបញ្ជាក់ថា មនុស្សសរុបប្រមាណ ៦០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយសារតែលំនៅឋានរបស់ពួកគេ បានលិចលង់ក្នុងទឹកអស់ទៅហើយ។
គួរបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបបានវាយប្រហារមកលើដែនដីម៉ុងហ្គោលី តាំងតែពីដើមខែកក្កដាមកម្ល៉េះ ដោយវាបានបង្កជាភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុអាក្រក់នៅតាមតំបន់មួយចំនួន ព្រមទាំងបានបង្កជាទឹកជំនន់។ ក្នុងចំណោមមនុស្សស្លាប់ទាំង ៤៨នាក់នោះ គឺមាន០៩នាក់ជាកុមារ៕