(ញូដេលី)៖ យន្តហោះចម្បាំងមួយគ្រឿងប្រភេទ MiG-21 របស់កងទ័ពអាកាសឥណ្ឌា ត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា បានធ្លាក់នៅក្នុងរដ្ឋហ៊ីម៉ាចាល់ប្រាដែស (Himachal Pradesh) ខណៈពីឡុតម្នាក់កំពុងបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមមន្ត្រីឥណ្ឌា ក្រុមសង្គ្រោះកំពុងតាមរកអាកាសយានិកម្នាក់ ដែលបានបញ្ជាយន្តហោះខាងលើនេះ ដោយលោកនៅតែកំពុងបាត់ខ្លួនមិនដឹងថា ស្លាប់ ឬមួយក៏នៅរស់នោះឡើយ។ យន្តហោះ MiG-21 បានធ្លាក់ និងផ្ទុះឆេះនៅលើវាលស្រែ នៃភូមិផាត់តាចាទៀន (Patta Jatian) នៃស្រុកកាន់ក្រា (Kangra) របស់រដ្ឋខាងលើកាលពីវេលាម៉ោង ១៖៣០នាទីរសៀល ម៉ោងនៅទីក្រុងញូដេលី។
គួរបញ្ជាក់ថា នេះជាមិនមែនជាលើកទី ១ នោះឡើយនៅក្នុងឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធារបស់ប្រទេសឥណ្ឌា ខណៈមូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងទៀត ពេលនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ យន្តហោះចម្បាំងប្រភេទ MiG-21 នេះគឺជាផលិតផលរបស់អតីតសហភាពសូវៀត ដែលកងទ័ពអាកាសឥណ្ឌាមានប្រើប្រាស់ចំនួន ៩០០គ្រឿង ក្នុងរយៈពេល ៤០ឆ្នាំមកនេះ ប៉ុន្តែជាច្រើនគ្រឿងទៅហើយបានធ្លាក់ខ្ទេចជាបណ្តើរៗ៕