(អាមេរិក)៖ អង្គការ NASA បានឲ្យដឹងថា យានអវកាស Dawn របស់ខ្លួនកំពុង​ឈានជិតដល់​ពេលវេលា​ចុងក្រោយ របស់វាមែនទែន​​ហើយ ក្នុងការបំពេញ​បេសកកម្មរយៈពេល​ប្រមាណ ១១ឆ្នាំ នៅទីអវកាស ដោយសារតែ​ការជិត​អស់ឥន្ធនៈ។ នេះបើតាម​ការដក​ស្រង់​ការផ្សាយ​ចេញពីវែបសាយ​អង់គ្លេស Express នៅល្ងាច​ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមអ្នកជំនាញ​របស់ NASA បានធ្វើការប៉ាន់​ប្រមាណថា Dawn នឹងអស់ប្រេង​ឥន្ទនៈនៅក្នុងរយៈពេល​ប៉ុន្មានខែ​ខាងមុខ​ហើយ ​ពោលគឺ​អាច​នៅពេលណា​មួយចន្លោះខែសីហា និងខែតុលាឆ្នាំនេះតែម្តង។ នៅពេលរឿង​នេះកើត​ឡើង ម៉ាស៊ីនដែលដើរ​ដោយ​ថាមពល Hydrazine របស់យាន​អវកាសនេះ នឹងឈប់ធ្វើ​ប្រតិបត្តិការ ហើយ Dawn នឹងបញ្ឈប់​ដំណើរការ​ទាំងស្រុង។

បន្ទាប់មកយាន Dawn នឹង​​ស្ថិតនៅជារៀងរហូត​ក្នុងគន្លងជុំវិញភពមិន​ពេញលក្ខណៈ (Dwarf Planet) Ceres ដែលនៅតំបន់ខ្សែ​ក្រវាត់អាចម៍ផ្កាយ​ចន្លោះភព​អង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។ តំបន់នេះមាន​ភពបំរុងចំនួនពីរ​គួរឲ្យចាប់អារម្មណ៍ នោះគឺ ​Ceres និង Vesta ដែលយាន Dawn បានរកឃើញភាព​អស្ចារ្យជាច្រើន នៅក្នុង​ភព​បំរុង​ទាំងពីរនេះ ហើយវាក៏ជាគោលដៅ​នៃការស្រាវជ្រាវ​បន្ថែម នៅថ្ងៃមុខ​ផងដែរ។

គួរជម្រាបថា ទោះជាបែប​នេះក្តី សម្រាប់ពេលវេលា​ដែលនៅសេសសល់ យានអវកាស Dawn នឹង​​ប្រើប្រាស់ដើម្បី​បន្តធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​រុករកក្នុងប្រព័ន្ធ​ព្រះអាទិត្យ​ ហើយបន្តប្រមូល​ទិន្នន័យ និងរូបភាពតទៅមុខទៀត រហូតទាល់តែដល់​ទីបញ្ចប់របស់វា។ យាន​ Dawn ត្រូវបាន​បាញ់បញ្ជូនពីផែនដី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ ដើម្បីបំពេញ​បេសកកម្ម ទៅសិក្សាលើវត្ថុមួយចំនួន​នៅតំបន់ខ្សែក្រវាត់អាចម៍​ផ្កាយ (Asteriod Belt) ដែលមាន​អាចម៍ផ្កាយតូចធំ​រាប់លានដុំ៕