(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅថ្ងៃពុធនេះបានរាយការណ៍ថា មានការសង្ស័យកាន់តែច្រើនឡើងថា ចិនអាចមានជាប់ពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនធ្យូងថ្មរបស់កូរ៉េខាងជើងដោយខុសច្បាប់ ពីរុស្ស៊ីទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧។ នេះបើតាមព័ត៌មានដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមយ៉ុនហាប់ នាវាពីរគឿងចុះបញ្ជីនៅក្នុងប្រទេសប៉ាណាម៉ា និងសៀរ៉ាឡេអូន ត្រូវបានគេប្រើប្រាស់ក្នុងការដឹកជញ្ជូនធ្យូងថ្មរបស់កូរ៉េខាងជើង ដែលជាប់បម្រាមក្រោមទណ្ឌកម្មអង្គការសហប្រជាជាតិ កាលពីខែតុលា ឆ្នាំ២០១៧។
នាវាចុះបញ្ជីនៅប្រទេសប៉ាណាម៉ា មានឈ្មោះថា Sky Angel បានដឹកជញ្ជូនធ្យូងថ្មពីទីក្រុង ខូលមីក (Kholmsk) នៃប្រទេសរុស្ស៊ីឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ អ៊ីនឈ័ន (Incheon) ប្រទេសកូរ៉េខាងត្បូង ហើយនាវានេះគឺជាកម្មសិទ្ធិក្រុមហ៊ុនចិន Dalian Sky Ocean International Shipping Agency មានមូលដ្ឋានក្នុងស្រុកចុងសាន (Zhongshan) នៃទីក្រុងដាលៀន (Dalian) ខេត្តលាវនីង (Liaoning) ប្រទេសចិន។
ចំណែកឯនាវាមួយគ្រឿងទៀត ចុះបញ្ជីក្នុងប្រទេសសៀរ៉ាឡេអូន Rich Glory បានចូលទៅដល់កំពង់ផែ Pohang របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដោយមានផ្ទុកទៅដោយធ្យូងថ្មកូរ៉េខាងជើង។ នាវានេះប្រតិបត្តិការដោយក្រុម ហ៊ុនចិន Sanhe Marine មានមូលដ្ឋានក្នុងទីក្រុង Dalian។
គួរបញ្ជាក់ថា បើតាមដំណោះស្រាយលេខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២៣៧១ ដែលត្រូវបានអនុម័តកាលពីខែសីហា ឆ្នាំ២០១៧ ការនាំចេញរ៉ែរបស់កូរ៉េខាងជើង ក្នុងនោះរួមមានធ្យូងថ្មត្រូវបានចាត់ទុកថា ជាទង្វើខុសច្បាប់ និងត្រូវហាមឃាត់៕