(រ៉ង់ហ្គូន)៖ នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួនពីររបស់មីយ៉ាន់ម៉ាគឺ Air Bagan និង Aex Airlines បានប្រកាសឈប់ដំណើរការទាំងស្រុងតែម្តង តាមរយៈលិខិតផ្តល់ដំណឹងរបស់ពួកគេ ទៅកាន់អាជ្ញាធរអាកាសចរណ៍មីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
សម្រាប់មូលហេតុចម្បងៗ ដែលបានបង្ខំអាកាសចរណ៍ទាំងពីរជួបបញ្ហារហូតដល់បិទទ្វារទាំងស្រុងនោះ គឺការខ្វះខាតយន្តហោះថ្មីៗបន្ថែម និងការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ អាកាសចរណ៍ទាំងពីរខាងលើ ក៏បានប្រគល់លិខិតអនុញ្ញាតធ្វើប្រតិបត្តិការហោះហើររបស់ខ្លួន ទៅកាន់អាជ្ញាធរអាកាសចរណ៍មីយ៉ាន់ម៉ាវិញផងដែរ ដោយស្ថិតនៅក្នុងលក្ខខណ្ឌមួយថា ពួកគេអាចមកដកយកលិខិតនេះទៅវិញបាន នៅពេលអាកាសចរណ៍របស់ខ្លួនមានយន្តហោះគ្រប់គ្រាន់ ដែលអាចដំណើរការក្រុមហ៊ុនឡើងវិញ។
គួរបញ្ជាក់ថា អាកាសចរណ៍ Air Bagan បានចាប់ផ្តើមធ្វើប្រតិបត្តិការរបស់ខ្លួន នៅក្នុងគោលដៅហោះហើរចំនួន ២០គោលដៅ កាលពីឆ្នាំ២០១២ ខណៈក្រោយមកទៀតនៅឆ្នាំ២០១៥ អាកាសចរណ៍ Apex Airlines ក៏ត្រូវបានបើកដំណើរថែមមួយទៀត ស្ថិតនៅក្នុងការបម្រើសេវាដឹកជញ្ជូនក្នុងស្រុកដូចគ្នា។ របាយការណ៍ចុងក្រោយឲ្យដឹងថា មានអាកាសចរណ៍ក្នុងស្រុកចំនួន ១០ កំពុងដំណើរនៅទូទាំងសហភាពមីយ៉ាន់ម៉ា ជាមួយនឹងយន្តហោះប្រមាណ ៤០គ្រឿង៕